ដោយៈ ម៉ាណា
ព្រះសីហនុៈ អ្នកធុរកិច្ចប៉ូឡូញ ទទួលបានសញ្ជាតិខ្មែរ លោកស្រី IWONA MAGDA KMIECIK និងស្វាមីបានបោះទុនសាងសង់សណ្ឋាគារដ៏ប្រណីតដែលមានកម្ពស់១១ជាន់ជាលើកដំបូងនៅកោះឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីនេះធ្វើឡើងក្រោមវត្តមានរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលខេត្តព្រះសីហនុ រួមទាំងម្ចាស់គម្រោងវិនិយោគ។
-->

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោង Port Yves Palace លោកស្រីIWONA MAGDA KMIECIK នាយិកាប្រតិបត្តិក្រុមហ៊ុនM.B.I.S Development Co., Ltd, និងជាម្ចាស់រមណីយដ្ឋានAPSARA RESORTបានបញ្ជាក់ថា គម្រោងសាងសង់អគារពហុមុខងារ និងសណ្ឋាគារដ៏ប្រណិត Port Yves Palace តាមផែនការគ្រោងបញ្ចប់ការសាងសង់ នៅអំឡុងឆ្នាំ២០២៧ ខាងមុខ។
ជាមួយការសាងសង់អគារស្នាក់នៅ ដ៏ប្រណីតដែលមានចំនួន ១៥០បន្ទប់ តាមរយៈគម្រោងវិនិយោគនេះ មិនមែនជាចេតនាបង្ហាញពីអំណាចនោះទេ ប៉ុន្តែចង់បង្ហាញអំពីតុល្យភាព និងភាពសុខដុមរមនាចុះសម្រុងជាមួយពិភពលោកជុំវិញខ្លួន ខណៈរាល់ផ្នែកប្រតិបត្តិការនៃគម្រោង នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយប្រើដំណោះស្រាយ ដែលការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែងសម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកស្រីIWONA MAGDA KMIECIK បានបញ្ជាក់ថា “គម្រោងនេះ គឺច្រើនជាងការវិនិយោគ ប៉ុន្តែវាជាក្តីសុបិនរួម”។
លោកស្រី IWONA MAGDA KMIECIK វិនិយោគិនមានសញ្ជាតិដើមប៉ូឡូញ និងទើបទទួលបានសញ្ជាតិកម្ពុជាផងនោះ បានប្រដូចកោះរ៉ុង ទៅនឹងកោះឋានសួគ៌ ដែលពិបាករកនៅកន្លែងណាផ្សេងអាចប្រដូចបាន។
លោកស្រីបញ្ជាក់ថា “ខ្ញុំបានជួបមនុស្សជាច្រើន ប្រកបដោយទឹកចិត្ត និងភាពបរិសុទ្ធរីករាយ ហើយចាប់ពីពេលនោះមក ប្តីរបស់ខ្ញុំបានពិភាក្សាគ្នាថា តើយើងគួរសាងអ្វីនៅទីនេះ”។ លោកស្រីបន្តថា “ត្រូវតែធ្វើដើម្បីកម្ពុជា ដូចការគោរពជាតិមាតុភូមិរបស់យើង ដើម្បីធម្មជាតិ និងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងប្រជាជនរស់នៅលើកោះនេះ”។
នេះហើយជាមូលហេតុ ដែលគម្រោងផត អ៊ីវស៍ ផាលេស និងមិនត្រឹមតែឈរនៅលើកោះនេះប៉ុណ្ណោះទេ ប៉ុន្តែក៍បង្កើតការរីកចម្រើនប្រកបដោយចីរភាពជាមួយកោះនេះផងដែរ។
លោកស្រីបន្តថា “ក្នុងបេះដូងនៃធម្មជាតិ យើងចាប់ផ្តើមបង្កើតគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) ដែលផ្តល់នូវសម្រស់ដ៍ស្រស់ស្អាតដល់ប្រទេសកម្ពុជា មនុស្សសត្វ និងភពផែនដី ដែលផ្សារភ្ជាប់យើងទាំងអស់គ្នា។
លោកស្រីបន្ថែមថា “ប្រទេសកម្ពុជាបានផ្តល់សញ្ជាតិដល់ខ្ញុំ។ ការផ្តល់ជូន និងការទទួលស្គាល់ដ៏អស្ចារ្យនេះ នាំឱ្យរំភើបដល់ទឹកចិត្តខ្ញុំ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ ដឹងគុណចំពោះប្រទេសនេះ”។លោកស្រីបន្តថា “ឥឡូវនេះខ្ញុំមានអារម្មណ៍ថា ដូចជាសមាជិកពិតប្រាកដនៃប្រជាជាតិនេះ វាមិនមែនត្រឹមតែនៅលើឯកសារតែប៉ុណ្ណោះទេ”។
លោកស្រីបន្ថែមថា “ខ្ញុំឆ្លើយតបជាមួយនឹងការទទួលខុសត្រូវ ត្រឡប់មកឱ្យកម្ពុជាវិញ រួមទាំងរាជរដ្ឋាភិបាល និងព្រះមហាក្សត្ររបស់យើង ប្រកបដោយភក្តីភាព ក្តីសង្ឃឹម និងការគោរពចំពោះប្រទេសកម្ពុជា និងអនាគតរបស់កម្ពុជា”។
Port Yves Palace នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសរួមចំណែកដល់គោលដៅ ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដែលនាំប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050។ នេះបើតាមលោកស្រី IWONA MAGDA KMIECIK មានប្រសាសន៍។
លោកស្រី IWONA MAGDA KMIECIK បានបញ្ជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍នេះ នឹងផ្តល់ឱកាសការងារអចិន្ត្រៃយ៍យ៉ាងតិច ៣៥០កន្លែងដល់ប្រជាជនកម្ពុជា និងយ៉ាងហោចណាស់ឱកាសការងារកិច្ចសន្យា៥០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម។
លោកស្រីរំពឹងទុកថា តាមរយៈគម្រោង Port Yves Palace ក៏នឹងទាក់ទាញភ្ញៀវទេសចរណ៍ មកកម្ពុជាកាន់តែច្រើន បង្កើតអនុស្សាវរីយ៍ល្អៗសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ គម្រោងនេះនឹងនាំមកនូវជីវិតថ្មីដល់កោះនេះ រួមទាំងកសាងស្ពានវប្បធម៌ ស្ពានយោគយល់ និងគោរពគ្នាទៅវិញទៅមក។
ម្ចាស់គម្រោងវិនិយោគលោកស្រី IWONA MAGDA KMIECIK ក៏បានលើកឡើង ពីការគាំទ្រពីរាជរដ្ឋាភិបាល ដែលធ្វើឲ្យលោកស្រីមិនស្ទាក់ស្ទើរក្នុងការប្រាប់មិត្តភ័ក្តិ និងអ្នកវិនិយោគថា កម្ពុជាជាប្រទេសដែលមានសន្តិភាព និងបានបង្កើតគោលនយោបាយគាំទ្រ អ្នកវិនិយោគ។ ជាឧទាហរណ៍ ជាមួយនឹងគម្រោងដំបូងរបស់លោកស្រីគឺរមណីយដ្ឋានអប្សរា ដែលរាជរដ្ឋាភិបាលបានសម្របសម្រួលនីតិវិធី និងផ្តល់ការលើកលែង និងការលើកទឹកចិត្តផ្សេងៗជាច្រើន។
ថ្លែងជាសាក្សីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារ និងសណ្ឋាគារប្រណីត Port Yves Palace លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគាំទ្រយ៉ាងពេញ ទំហឹងលើគម្រោងវិនិយោគ សាងសង់អគារស្នាក់នៅដ៏ប្រណិតកម្ពស់១១ ជាន់ជាប្រវត្តិសាស្ត្រនៅលើកោះរ៉ុង។
លោករដ្ឋមន្ត្រីបានថ្លែងថា “ការវិនិយោគនេះ មិនត្រឹមតែជាសណ្ឋាគារសម្រាប់ស្នាក់នៅនោះទេ ប៉ុន្តែគឺជាការកកើតជីវិតថ្មីមួយទៀតសម្រាប់កោះឋានសួគ៌របស់ប្រទេសកម្ពុជា”។លោកបន្តថា “តាមរយៈគម្រោងវិនិយោគនេះ នឹងផ្តល់ជម្រើសថ្មីបន្ថែមទៀត សម្រាប់ទេសចរណ៍ ដែលត្រូវការកន្លែងស្នាក់នៅដែលមានភាពទំនើប ប្រកបដោយស្តង់ដាខ្ពស់”៕
