ដោយៈ គង់ សូរិយា
    ភ្នំពេញៈ ចំនួនមនុស្សចាស់នៅកម្ពុជា នឹងកើនដល់ជាង៤លាននាក់នៅឆ្នាំ២០៣០ ខណៈមនុស្សវ័យក្មេងមានការថយចុះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកនាក់ ណេរ៉ុន អភិបាលរងខេត្តបានបញ្ជាក់ថា បច្ចុប្បន្នសកលលោកមានការប្រែប្រួលលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗបាន និងកំពុងលេចឡើងជាបន្តបន្ទាប់ ដែលបរិការណ៍នៃការប្រែប្រួលទាំងអស់នេះ អាចជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ស្របជាមួយកំណើននៃប្រជាជនវ័យចាស់។
 
-->
 
 
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ចំនួនមនុស្សនៅទូទាំងពិភពលោក ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មានប្រមាណ១ពាន់លាននាក់ ក្នុងឆ្នាំ២០១៩ ហើយចំនួននេះនឹងកើនឡើងដល់ប្រមាណ១.៤ពាន់លាននាក់នៅឆ្នាំ២០៣០ និងកើនឡើងរហូតដល់ទៅ២.១ពាន់លាននៅឆ្នាំ២០៥០។
លោកនាក់ ណេរ៉ុន បានបង្ហាញថា សម្រាប់ប្រទេសកម្ពុជា ក៏កំពុងតែប្រឈម ទៅនឹងការកើនឡើង នៃចំនួនប្រជាជនវ័យចាស់នេះដែរ។
យោងតាមទិន្នន័យជំរឿនឆ្នាំ២០១៩ មនុស្សចាស់នៅកម្ពុជាមានប្រមាណ១.៣៨លាននាក់ ស្មើនឹង៨.៩% នៃប្រជាជនសរុប ហើយចំនួននេះ ត្រូវបានព្យាករណ៍ថាអាចនឹងកើនដល់ទ្វេដង នៅឆ្នាំ ២០៣០ នឹងអាចឈានទៅដល់ជាង៤លាននាក់ នៅឆ្នាំ២០៥០។

លោកបានបញ្ជាក់ថា “កំណើននេះ អាចមានឥទ្ធិពលទៅដល់ដំណើរការអភិវឌ្ឍស្ទើរគ្រប់វិស័យ”។
លោកបានបន្តថា ខណៈដែលអត្រាកំណើនប្រជាជនវ័យចាស់ និងអត្រាថយចុះនៃប្រជាជនវ័យក្មេង អាចជះឥទ្ធិពលទៅដល់ ប្រព័ន្ធគាំពារសង្គម ដែលរួមមានទាំងប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម ដូច្នេះហើយទាមទារឱ្យមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដោះស្រាយ និងឆ្លើយតបនូវបញ្ហាប្រឈមសំខាន់ៗ មួយចំនួននាពេលបច្ចុប្បន្ននេះ និងអនាគតដ៏ឆាប់ខាងមុខ។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ ក្នុងការកែលម្អ ជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថា ប្រជាជនគ្រប់រូប ទទួលបានការរស់នៅក្នុងជីវភាពល្អប្រសើរ និងសុខុមាលភាព ស្របទៅតាមទស្សនវិស័យកម្ពុជាឆ្នាំ២០៣០ ដើម្បីក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកវែង រិទ្ធីស័ក្ក អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ និងឱ្យតម្លៃដល់មនុស្សចាស់ ដោយបានចាត់ទុកថា មនុស្សចាស់ជាយន្តការដ៏សំខាន់ ជាធនធានមនុស្សដ៏មានសារៈប្រយោជន៍ ជួយអភិវឌ្ឍសហគមន៍ និងសង្គមជាតិ ព្រោះថាលោកបានផ្តល់ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយ។

ដោយពិនិត្យលើស្ថានភាពរបស់មនុស្សចាស់ នៅកម្ពុជាភាគច្រើនជួបការលំបាក មានជីវភាពក្រីក្រ និងមានបញ្ហាផ្នែកសុខភាព ដែលជាបន្ទុកដ៏សំខាន់ដែលត្រូវធានារ៉ាប់រង ទើបរាជរដ្ឋាភិបាលបានបង្កើតជា គណៈកម្មាធិការជាតិ ដើម្បីមនុស្សចាស់កម្ពុជា និងបង្កើតជាអនុគណៈកម្មាធិការដើម្បីមនុស្សចាស់នៅរាជធានី ខេត្ត ព្រមទាំងបង្កើតឱ្យមាន សមាគមមនុស្សចាស់នៅតាមឃុំសង្កាត់ នីមួយៗ។
លោកបន្តថា “គោលបំណងគឺដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សចាស់ ជំរុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមក និងផ្តល់វេទិកាសម្រាប់ការលើកទឹកចិត្ត និងពិភាក្សាដោះស្រាយបញ្ហារបស់ពួកគាត់”។
លោកបញ្ជាក់ពីតួនាទីសំខាន់ របស់សមាគមមនុស្សចាស់ ក្នុងការរួមអភិវឌ្ឍសហគមន៍ និងជួយទៅដល់មនុស្សចាស់នៅ តាមមូលដ្ឋាន ដោយផ្សារភ្ជាប់មនុស្សចាស់ ដែលរស់នៅម្នាក់ឯង ឯកោ គ្មានទីពឹង ទៅនឹងសង្គមមួយដែលពួកគាត់អាចជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងចលនាសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍនៅក្នុងសង្គម៕
 
 