តម្រូវការដីធ្លីនៅភាគខាងកើតរាជធានីកំពុងមានសកម្មភាពបណ្តើរៗឡើងវិញ

0

    ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកនៅក្នុងទីផ្សារបានលើកឡើងថា ការទិញ លក់បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗឡើងវិញ នៅតំបន់ផ្លូវជាតិលេខ១ និងភាគខាងកើតរាជធានីភ្នំពេញ។

ភ្នាក់ងារអចលនទ្រព្យឯករាជ្យ លោកសុវណ្ណារីបានមានប្រសា​សន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ដីធ្លីនៅក្រុងអរិយក្សត្តនៅតែមានសកម្មភាព ទោះមិនពុះកញ្រ្ជោលច្រើនដូចមុន តែនៅតែមានសកម្មភាពទិញ លក់ជាហូរហែរ ពីអ្នកវិនិយោគក្នុងស្រុក និងភ្ញៀវចិន។

លោកបន្តថា “ដីដែលមានតម្លៃល្អ ទីតាំងសក្តានុពលនៅតែមានការទិញ លក់ ជាធម្មតា”។ លោកបន្តថា “ទោះជាតំបន់ដទៃហាក់មានសភាពស្ងប់ស្ងាត់ខ្លះ តែសកម្មភាពទិញ លក់នៅតំបន់អរិយក្សត្រនៅតែដំណើរការ”។

ជាមួយគ្នានេះ សកម្មភាពទិញ លក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ១ ក៏មានសកម្មភាពបណ្តើរៗផងដែរ។

លោកសឿន សុធា ភ្នាក់ងារលក់ដីឡូត៍ឯករាជ្យបានមានប្រសា​សន៍ឲ្យដឹងថា សកម្មភាពទិញ លក់ដី ពិសេសដីឡូត៍ដែលមានទីតាំងល្អៗនៅក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកថ្មី នៃខ័ណ្ឌច្បារអំពៅ តែងតែលក់អស់លឿនៗឲ្យតែមានការពុះឡូត៍លក់ថ្មីៗ។

លោកបន្តថា ជាមួយគ្នានេះ ដីនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវថៃហ្គ័រ (ផ្លូវ១១៤)ចាក់ទៅកាន់ស្ពានព្រែកសំរោង តែងតែមានសកម្ម​ភាពទិញ លក់ស្វែងរកពីអ្នកមានលុយជាច្រើន។ លោកបន្តថា ឲ្យតែមានដីល្អៗ មានទីតាំងល្អ អាចប្រកបអាជីវកម្ម ឬធ្វើការអភិវឌ្ឈបាន គឺមានតម្រូវការជាហូរហែរ។

ប៉ុន្តែទីផ្សារនេះហាក់រងសម្ពាធ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ឋដា ប្រកាសយកពន្ឋ មូលធនអចលនទ្រព្យចំនួន២០ភាគរយ ដែលនឹងអនុវត្តន៍ចាប់ផ្តើមនៅឆ្នាំ២០២៦ខាងមុខនេះ។

អ្នកជំនាញបានព្រមានពីហានិភ័យ ពីការចាប់ផ្តើមប្រមូលពន្ឋមូលធន២០ភាគរយនៅឆ្នាំ២០២៦ ដោយលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងសហស្ថាបនិក និងអគ្គនាយកបុរីវិមានសំណាងបានថ្លែងថា ទីផ្សារដីធ្លីនឹងរងវិបត្តិថែមទៀត ដោយលោកហៅស្ថានភាពនេះ ប្រៀបដូចជាអ្នកជំងឺ ដែលមិនទាន់ជា ហើយត្រូវគេវាយដំថែមទៀត។

ចំណែកអ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋក្រុមហ៊ុនSAM SN Group បានសំណូមពររដ្ឋាភិបាលពន្យាពេលបន្ថែមទៀត លើការយកពន្ឋមូលធន២០ភាគរយ នៅឆ្នាំ២០២៦ខាងមុខ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here