ដោយៈ ចំណាន
ក្រុងឡូងដ៏ៈ ជាដំណឹងរីករាយមួយ ក្រុមហ៊ុនដ៏ធំមួយបានប្រកាសបន្ត និងពង្រីកវិនិយោគនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀត។
ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ លោកហួត ហាក់បានទទួលជួបពិភាក្សាការងារ ជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុនTUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយក្រុមហ៊ុន។
-->
ជំនួបនេះធ្វើឡើងនាឱកាស លោករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB)ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market ) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគ លើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ធំៗចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើង ក្នុងជំនួបនាពេលនេះ។
លោករដ្ឋមន្ត្រី បានអញ្ជើញក្រុមហ៊ុន លោកThomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឥសាន៕
