ដោយៈ គង់ សូរិយា
អន្តរជាតិៈ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈ(MOU) នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ បត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុង។
ប្រទេសអ៊ីរ៉ង់ មានប្រជាជនប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងលេខរៀងទី១៧នៅលើពិភពលោក។
ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ។
លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Seyed Reza Salehi Amiri រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាប្រទេសដ៏ធំ និងមានសេដ្ឋកិច្ចនំាមុខដ៏សំខាន់មួយ ក្នុងតំបន់មជ្ឈិមបូព៌ា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អ៊ីរ៉ង់ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់។
តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារ ទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌ សំដៅទាក់ទងភ្ញៀវទេសចរអីរ៉ុង ដែលមានចំនួនច្រើនជាង៥ដង មកទស្សនាប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ ជាមួយនឹងភាពងាយស្រួល ក្នុងការធ្វើដំណើរផ្លូវអាកាស តាម រយៈជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad រវាងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានដំណើរការកាលពីដើមខែតុលាកន្លងទៅនេះ៕







