អ្នកឧកញ៉ា សំ សុខនឿន បង្ហើបប្រេនកូនខ្មែរ KH Haitech ដែលសហការជាមួយក្រុមអ្នកជំនាញស្តង់ដាអន្តរជាតិ

0

ដោយៈ សហសេវិក

    ភ្នំពេញៈ ក្នុង​នាម​ជា​អ្នក​ជំនួញ​ខ្មែរមួយ​រូប អ្នក​ឧកញ៉ា សំ សុខនឿន មិន​បាន​នៅ​ស្ងៀម​ឡើយ ពេល​មាន​ឱកាស​ក្នុង​ការ​បង្កើត​អ្វី​ថ្មី​ៗ  ដែល​នោះ​ជា​ការ​ពង្រីក​ទំហំ​សេដ្ឋកិច្ច​ទាំង​ផ្ទាល់​ខ្លួន និង​រួម​ចំណែក​ជួយ​សេដ្ឋកិច្ច​ជាតិ​ដូច​គ្នា។

នាពេល​ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ ដើម្បី​ស្វែង​រក​ដៃគូ​ជំនួញ។

អ្នក​ឧកញ៉ាបាន​បង្ហើប​ខ្លះ​ៗ​ពី​ជំនួញ​ថ្មី​នោះ គឺជា​ប្រេន​កូន​ខ្មែរ​ដ៏​ធំ​មួយ មាន​ឈ្មោះ​ថា KH Haitech ដែលនាពេលខាងមុខនឹងឈានដល់ការបង្កើតរោងចក្រ​បង្គុំ​នៅ​កម្ពុជា​តែម្ដង។

សម្រាប់ KH Haitech នឹង​មាន​ផលិតផល​អ្វីខ្លះ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​ ក្នុង​នាម​ជា​ផលិតផល​ក្នុង​ស្រុក អ្នក​ឧកញ៉ា​​ដែលមាន​ដើម​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ​រូបនេះ នៅ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​អស់​នៅឡើយ។

អ្នកឧកញ៉ាគ្រាន់តែ​ជឿជាក់​បាន​ថា  KH Haitech នឹង​ជួយ​បង្កើត​ការ​ងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក។

ប្រេន KH Haitech  នឹង​អាច​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ ២០២៦ ខាង​មុខ ហើយអគ្គ​នាយក SAM SN GROUP រូបនេះ បាន​អះអាង​ថា នឹង​នាំ​យក​ជំនាញ និង​បច្ចេកវិទ្យា​ទំនើប​មក​កាន់​កម្ពុជា ហើយ​ប្រជាពល​រដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​ជំនាញ​ថ្មី​ស្តង់ដារ​មួយ។

​អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​ដ៏​មាន​កេរ្តិ៍ឈ្មោះ អ្នក​ឧកញ៉ា សំ សុខនឿន បាន​ឲ្យ​ដឹងទៀត​ថា លោក​ខិតខំ​ប្រឹងប្រែង​កសាង​ទុក​ម៉ាក​យីហោ កូនខ្មែរ​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​មួយ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

KH Haitech ​ជា​យីហោ​ខ្មែរ និង​ផលិត​ក្នុង​ស្រុក ដែល​មាន​ស្ថាបនិក​អ្នកឧកញ៉ា សំ សុខនឿន សហការ​ជាមួយ​ដៃគូ​អន្តរជាតិ នាំ​យក​ជំនាញ និង​គុណភាព​ស្តង់ដារ​​មក​កាន់​កម្ពុជា​ឆាប់​ៗ​ខាង​មុខ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here