អ្នកឧកញ៉ាគិត ម៉េងជម្រុញឲ្យអេហ្សីបបើកជើងហោះហើរត្រង់ និងបើកស្ថានទូតនៅកម្ពុជា

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានស្នើអេហ្សីបបើកជើងហោះហើររត្រង់ និងបើកស្ថានទូតនៅកម្ពុជា។

អ្នកឧកញ៉ាបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហាឡា យូសេហ្វ អាមេត រ៉ាហ្កាប (Hala Youssef Ahmed Ragab) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា (មាននិវេសនដ្ឋាននៅទីក្រុងបាងកក)។

ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានចំ​ណងមិត្តភាពរឹងមាំទាំងផ្នែកការទូត នយោបាយ វប្បធម៌ និងសេដ្ឋកិច្ច។

ទោះបីជាយ៉ាងណាក៏ដោយ លោកជំទាវបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ បើធៀបនឹងសក្តានុពលសេដ្ឋកិច្ចជាក់ស្តែងដែលប្រទេសទាំងពីរមាន។

លោកជំទាវបានបន្ថែមថា កម្ពុជា និងអេហ្ស៊ីប មានចំណុចស្រដៀងគ្នាជាច្រើន ដោយកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើពា​ណិ​ជ្ជកម្ម។ ជាពិសេស អេហ្ស៊ីបបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាង៧០ ដែលធ្វើឱ្យអេហ្ស៊ីបក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប និងអាហ្វ្រិក។ ក្នុងន័យនេះ ធុរជនអេហ្ស៊ីបមានភាពបើកចំហ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនកម្ពុជា។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានឯកភាពចំពោះការលើកឡើងអំពីទំហំពាណិជ្ជកម្ម ដែលនៅមានកម្រិតនៅឡើយ និងបានស្នើឱ្យភាគីទាំងពីរ ទាញយកផលប្រយោជន៍ពីសក្តានុពលរៀងៗខ្លួន ពោលគឺ អេហ្ស៊ីប ជាច្រកទ្វារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាហ្វ្រិក។ ចំណែកឯ កម្ពុជា ជាច្រកទ្វារទៅកាន់តំបន់អាស៊ាន និងជាមូលដ្ឋានផលិតកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក រួមមាន ចិន អឺរ៉ុប និងអាមេរិក ជាដើម។

អ្នកឧកញ៉ាបានបញ្ជាក់ថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព អ្នកឧកញ៉ាប្រធាន បានស្នើដល់ លោកជំទាវឯកអគ្គរដ្ឋទូត នូវចំណុចសំខាន់ៗចំនួន៣ រួមមាន ជំរុញការហោះហើរត្រង់៖ ពីអេហ្ស៊ីបមកកម្ពុជា ដើម្បីបង្កើនលំហូរទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន៖ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពា​ណិជ្ជកម្មអេហ្ស៊ីប និងទី៣ពង្រីកវត្តមានការទូត ដោយជំរុញឱ្យរដ្ឋាភិបាលអេហ្ស៊ីបបើកស្ថានទូតនៅកម្ពុជា និង អនុព័ន្ធពាណិជ្ជកម្មប្រចាំនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here