ក្រុមហ៊ុនអាមេរិកធំៗវិនិយោគផ្នែកបដិសណ្ឋារកិច្ច និងវិស័យពាក់ព័ន្ឋស្វែងយល់ពីកាលានុវត្តន៍ភាពធ្វើធុរកិច្ចនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បណ្តាញក្រុមហ៊ុនអាមេរិកធំៗ ដែលខ្លះបាននិងកំពុងវិនិយោគនៅកម្ពុជាបានមកស្វែងយល់ពីឱកាសពង្រីក និងធ្វើធុរកិច្ចនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា ស្តីអំពីកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគ ក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។​

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោកឯកអគ្គរដ្ឋទូតជាប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាយ៉ាងលឿន និងក្នុងរយៈពេលខ្លី ចាប់តាំងពីឯកឧត្តមបានអញ្ជើញមកទស្សនាកម្ពុជា ជាលើកដំបូងកាលពីឆ្នាំ១៩៩៦។

ទន្ទឹមនឹងនេះដែរ លោកប្រធានប្រតិភូ ក៏បានលើកឡើងពីការពេញចិត្តរបស់អ្នកវិនិយោគិនអាម៉េរិក ដែលជាសមាជិកក្នុងការវិនិយោគនៅកម្ពុជាកន្លងមក និងការស្វែងយល់បន្ថែមទៀត ពីស្ថានភាពពិត និងកាលានុវត្តវិនិយោគ បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា។​

ជាការឆ្លើយតបក្នុងជំនួបដ៏សំខាន់នេះ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា ដែលបានអញ្ជើញពីក្រុមហ៊ុន Conoco​Phillips, Marriott International, Mastercard, Visa, Ford & RMA, Coca-Cola និង Vriens & Partners ដែលបានជ្រើសរើសកម្ពុជា ក្នុងការបោះទុនវិនិយោគ ដោយទំហំច្រើនលានដុល្លារអាម៉េរិក ដែលពិតជាការបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំ លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនប្រតិភូពីការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងការធានា និងលើកទឹកចិត្តអ្នកវិនិយោគដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស មកបណ្តាក់ទុននៅកម្ពុជាដែលជាប្រទេសមានសក្តានុពល ទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ។

តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ដែលនឹងសហការរួមគ្នា ធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហរដ្ឋអាម៉េរិកមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) ជាអង្គការដ៏សំខាន់បណ្តុំ នូវក្រុមហ៊ុនអាម៉េរិកធំ​ៗ ដែលបាននិងកំពុងប្រកបអាជីវកម្មក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កើតឡើងក្នុងឆ្នាំ ១៩៨៥។

ក្រុមប្រឹក្សាមានទីស្នាក់ការកណ្ដាល នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី និងការិយាល័យនៅទីក្រុងធំៗ ផ្សេងៗទៀតដូចជា៖ ញូវយ៉ក, បាងកក, ហាណូយ, ហ្សាកាតា, គូឡាឡាំពួ, ម៉ានីលា ហ្វីលីពីន និងសិង្ហបុរី។ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាសមាជិករបស់ក្រុមប្រឹក្សាមានដូចជា Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners៕

LEAVE A REPLY

Please enter your comment!
Please enter your name here