ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចចេញសេចក្តីប្រកាសស្តីពី ការផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនវិស្វកម្មឯករាជ្យ សម្រាប់គ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ តើការដាក់ស្នើសុំអជ្ញាប័ណ្ណសាងសង់ត្រូវបង់ថ្លៃប៉ុន្មាន?។
ថ្លៃអាជ្ញាប័ណ្ណ
អ្នកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រកបសេវាកម្មជាក្រុមហ៊ុនវិស្វកម្មឯករាជ្យ ត្រូវបង់ថ្លៃអាជ្ញាប័ណ្ណចំមួន ២.០០០.០០០ ៛ (ពីរលានរៀល) ។ ថ្លៃអាជ្ញាប័ណ្ណនេះ ត្រូវបង់ទៅអគ្គនាយកដ្ឋានរតនាគារជាតិ តាមដីកាអមរបស់ក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអលចនវត្ថុ។
សុពលភាពអាជ្ញាប័ណ្ណ
អាជ្ញាប័ណ្ណនេះ មានសុពលភាពរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ អ្នកកាន់អាជ្ញាប័ណ្ណ ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណឲ្យបាន៣០ថ្ងៃ មុនពេលអាជ្ញាប័ណ្ណនោះអស់សុពលភាព និងត្រូវបង់ថ្ងៃបន្តដូការស្នើសុំលើកដំបូងដែរ។
ក្រុមការងារអន្តរក្រសួងមានសិទ្ធិបន្តអាជ្ញាប័ណ្ណ ដោយមានដាក់ ឬមិនដាក់លក្ខខណ្ឌឬមិនបន្តអាជ្ញាប័ណ្ណជូន ប្រសិនបើអ្នកកាន់អាជ្ញាប័ណ្ណ មិនបានបំពេញទៅតាមលក្ខខណ្ឌតម្រូវណាមួយ ដែលក្រុមការងារអន្តរជាក្រសួងបានកំណត់។
នណាអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ?
វិស្វករសំណង់អាគារដែលបញ្ចប់ការសិក្សា និងបានឆ្លងកាត់បទពិសោធន៍ការងារជាក់ស្តែងក្នុងមុខជំនាញដែលមានវិញ្ញាបនប័ត្រអាជីវកម្មសាងសង់ ឬសិក្សាគម្រោងប្លង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬសមាជិកគណៈវិស្វករកម្ពុជា ដែលមានការទទួលស្គាល់ និងមានការយល់ព្រមពីក្រសួងរៀបចំនគរូបនីយកម្ម និងសំណង់អាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រកបដោយសេវាកម្មជាក្រុមហ៊ុនវិស្វកម្មឯករាជ្យ ទៅតាមទម្រង់ ដែលបានរៀបចំដោយក្រុមការងារអន្តរក្រសួង នៅលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលមានទីតាំងនៅការិយាល័យគ្រប់គ្រងការជួញដូរអចលនវត្ថុ នៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕