អ្នកនិពន្ឋកាន់តែមានគុណតម្លៃ តាមរយៈទិវាជាតិអ្នកនិពន្ឋដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំជាទិវាជាតិ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា “ទិវាជាតិអ្នកនិពន្ធ គឺជាការរួមចំណែកជួយលើកស្ទួយសីលធម៌ និងកិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌ (ផ្សព្វផ្សាយវប្បធម៌)។

ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធ និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ។

ការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំ ក៏សំដៅដល់ការជំរុ​ញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាព តែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃ នៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិតដើម្បីទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិត ចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព” ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធ ដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការ​ពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ទិវាជាតិអ្នកនិពន្ធ គឺជាចំណែកមួយ ដែលបានចូលរួមដល់ការ សម្រេចបាននូវគោលបំណង និងទិសដៅគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ តាមរយៈសកម្មភាពចូលរួមលើកស្ទួយ និងជំរុញឧស្សាហកម្មវប្បធម៌ផ្តោតលើសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីលើគ្រប់ផ្នែកដូចជាតន្ត្រីសោតទស្សន៍ ភាពយន្ត ការបោះពុម្ព សិល្បៈទស្សនីយភាព សិប្បកម្ម វិចិត្រកម្ម តម្បាញ ប្រពៃណី ការច្នៃម៉ូត និងទៅដល់ការផ្សារភ្ជាប់វិស័យវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញា​ណជាតិ ការលើកស្ទួយសីលធម៌និង កិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌

រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួមការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈ​ដ្ឋានទូទៅ។

គិតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋនិង នវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងការបោះពុម្ពសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅជាអាទិភាពរបស់យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ ផលប្រយោជន៍សង្គមជាធំ។ ជាមួយគ្នានេះ តាមរយៈក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធផងនោះ បានបន្តពង្រឹងសកម្មភាពកសាងច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ លើវិស័យកម្មសិទ្ធិបញ្ញានេះ។

សម្តេចធិបតី បានបន្ថែមថា ឆ្លៀតក្នុងឱកាសនៃទិវាជាតិអ្នកនិពន្ធនាឆ្នាំនេះ ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដទៃទៀត សូមចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធ និងសូមចូលរួមផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី សុច្ឆន្ទៈ មនសិការជាតិ ដល់មន្ត្រីរាជការ នគរបាល កងយោធពលខេមរភូមិន្ទ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត កវីនិពន្ធ អ្នកនិពន្ធ និងប្រជាពលរដ្ឋទូទៅឱ្យកាន់តែគាំទ្រ និងចូលរួមពង្រឹងការអាន ការតែងនិពន្ធ ការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ ការចូលរួមឧបត្ថម្ភជាសម្ភារៈថវិកា ក៏ជាកាយវិការដ៏មានតម្លៃដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែរឹងមាំផងដែរ។

សម្តេចធិបតី ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ និងអរគុណចំពោះបងប្អូនជនរួមជាតិ អ្នកនិពន្ធ កវីនិពន្ធ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ដែលជាកេរដំណែលវប្បធម៌ដ៏ពិសិដ្ឋរបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here