ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប បានបង្ហាញពីមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្នទៅអនាគត។
លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយថា មូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្ន និងទៅអនាគត គឺមានច្បាប់។
-->
លោកបញ្ជាក់ថា “ច្បាប់សំខាន់ណាស់ក្នុងការជំរុញ និងការអភិវឌ្ឍ ការគោរពច្បាប់នេះ សំដៅលើមនុស្សគ្រប់គ្នា អ្នកវិនិយោគក្ដី ពលរដ្ឋក្ដី មន្រ្ដីក្ដីត្រូវចូលរួមទាំងអស់គ្នា”។
លោកបន្តថា ច្បាប់ក៏រួមចំណែកក្នុងការការពារ អ្នកចូលរួមអភិវឌ្ឍន៍ អ្នកវិនិយោគ អ្នករកស៊ី ព្រោះពួកគាត់ទាំងនេះ ជាមូលដ្ឋាននៃការរីកចម្រើន ពេលយើងការពារគាត់បាន នោះពួកគាត់នឹងខិតខំប្រឹងប្រែងអនុវត្តច្បាប់ បើមិនការពារទេនោះ នឹងបង្កើតឱ្យមានការមិនគោរពច្បាប់កាន់តែច្រើន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប
ឧកញ៉ាសន សៀបបានបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺសមត្ថភាព សមត្ថភាពនេះសំខាន់ណាស់ ប្រសិនបើអ្នកចង់ទាញអ្នកវិនិយោគពីក្រៅមកកម្ពុជា លុះត្រាតែអ្នកមានសមត្ថភាពខ្លាំងក្លា។ ក្នុងនោះជំនាញវិជ្ជាជីវៈពិតជាសំខាន់ ដែលមិនអាចខ្វះបាន ដូច្នេះចំណេះជំនាញត្រូវការអ្នកមានជំនាញមកធ្វើការ ក្នុងនោះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងប្រឹងប្រែងបន្ថែម ក្នុងការពង្រឹងចំណេះជំនាញឲ្យបានប្រសើរជាងមុនផងដែរ។
លោកបានលើកទឹកចិត្តដល់អ្នករកស៊ី ក្នុងវិស័យអចលនវត្ថុទាំងអស់ រួមមាន អ្នកសាងសង់ ភ្នាក់ងារលក់អចលនទ្រព្យ អ្នកវាយតម្លៃអនចលវត្ថុ និងអ្នកអភិវឌ្ឍន៍ជាដើម ត្រូវតែពង្រឹងវិជ្ជាជីវៈ គោរពច្បាប់ ប្រកួតប្រជែងគ្នាដោយស្មោះត្រង់ និងតម្លាភាព ព្រមទាំងបង់ពន្ធឱ្យស្មើភាពគ្នា នោះទើបអាចជួយវិស័យអចលនទ្រព្យបាន។
លោកបញ្ជាក់ថា “ការសម្រេចបែបនេះបាន បានលុះត្រាតែទាញអ្នករកស៊ីអចលនវត្ថុទាំងអស់ ដែលនៅក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ”៕
ទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវព្រះមុនីវង្ស មើលពីលើអាកាស