ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានសន្យាជម្រុញទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជាកាន់តែប្រសើរឡើង។
លោក CHRISTIAN DesRoches បានថ្លែងបែបនេះ ក្នុងពេលលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឲ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១០ ធ្នូ។
-->
លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរដ្ឋទូត ចំពោះបេសកកម្មរបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា លើគ្រប់វិស័យនៅកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ជំរុញការតភ្ជាប់ធុរកិច្ចរវាងទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ការអប់រំ បច្ចេកវិទ្យា និងឌីជីថលជាដើម។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការសហការគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានលំហូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមឱ្យកាន់តែច្រើនបន្ថែមទៀត តាមរយៈការផ្គូរផ្គងធុរកិច្ចកម្ពុជា- កាណាដា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងពង្រីកទំហំពាណិជ្ជកម្ម៕
