ដោយៈ គង់ សូរិយា
ភ្នំពេញៈ គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ និងវិស័យមួយចំនួនទៀត។
ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកYang Hongyu អនុប្រធានសហព័ន្ធ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
-->
ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ហើយបានគូសបញ្ជាក់អំពី ភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនានារវាងកម្ពុជា-ចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការពង្រីកវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបទបង្ហាញលម្អិត និងស៊ីជម្រៅជូនគណៈប្រតិភូ អំពីបរិយាកាសវិនិយោគ ដ៏ទាក់ទាញរបស់កម្ពុជា ក្រោមចំណុចគន្លឹះមួយចំនួន រួមមាន៖ (១) កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ (២)ច្បាប់ស្តីពីវិនិយោគ ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការសម្របសម្រួលវិនិយោគនានា។
(៣)សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកតភ្ជាប់ដ៏សំខាន់ក្នុងតំបន់ (៤)មូលធនមនុស្សមានវ័យក្មេង ដែលងាយក្នុងការបណ្តុះបណ្តាល (៥)លំនឹងម៉ាក្រូសេដ្ឋកិច្ច (៦) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ជាដើម និង(៧)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងធំៗដូចជា ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។

បន្ថែមពីនោះ លោកស៊ុន ចាន់ថុល ក៏បានរំលេចអំពីការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ ក្នុងពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក វាបានបង្ហាញពីភាពប្រាកដប្រជា និងបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិកផងដែរ។
ជាការឆ្លើយតប លោក Yang Hongyu បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើនរបស់កម្ពុជា និងបានបញ្ជាក់ថា ខេត្តសានដុង ជាខេត្តមួយមានសេដ្ឋកិច្ចរឹងមាំ និងមានសក្ដានុពលខ្ពស់ផ្នែកឧស្សាហកម្មធុនធ្ងន់ បច្ចេកវិទ្យាជឿនលឿន និងកសិកម្មទំនើប ហើយគណៈប្រតិភូ ដែលមានវត្តមានក្នុងជំនួបនេះ គឺមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យអាទិភាពមួយចំនួនដូចជា ថាមពលកកើតឡើងវិញ (Renewable Energy) ឧស្សាហកម្មកែច្នៃកសិផល ការផលិតគ្រឿងបន្លាស់រថយន្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕
