ដោយៈ ម៉ាណា
ព្រះសីហនុៈ រោងចក្រចំនួនថ្មីចំនួន២ គ្រោងនឹងបើកដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួន ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសISI SEZ នាអំឡុងពាក់កណ្តាលត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខ។
តំបន់សេដ្ឋកិច្ចពិសេសISI មានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបណ្តោយផ្លូវល្បឿនលឿន PP-SHV លើផ្ទៃដីសរុប ៨០០ ហិកតា។ ISI SEZ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
-->
គម្រោងដែលត្រូវបានរចនាប្លង់ ដោយអ្នកជំនាញក្នុងស្រុក សហការជាមួយវិទ្យាស្ថានជំនាញរចនា នៅក្នុងប្រទេសអូស្ត្រាលីនេះ នឹងត្រូវអភិវឌ្ឍន៍ជា៣ដំណាក់កាល ដោយដំណាក់កាលទី១ លើផ្ទៃដីប្រមាណ៣០០ហិកតា គឺជាតំបន់រោងចក្រ/សហគ្រាស។ ចំណែកដំណាក់កាលទី២ និងទី៣ គឺជាអគារការិយាល័យច្រកចេញចូលតែមួយ អគារអន្តេវាសិកដ្ឋានសម្រាប់និយោជិត អគារពាណិជ្ជកម្ម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានីយថាមពលអគ្គិសនី និងរចនាសម្ព័ន្ធផ្សេងៗទៀត ក៏ត្រូវបានរៀបចំយ៉ាងពិសេសផងដែរនៅក្នុង ISI SEZ។
នាយកផ្នែកលក់ និងទីផ្សារ ISI SEZ លោក ខេង ចន្ទ័សុផល បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងបរិវេណ ISI SEZ កាលពីថ្ងៃទី១៣ ខែធ្នូ ថា ក្នុងរយៈពេលប្រហែល១ឆ្នាំកន្លងមកនេះ ក្រុមអ្នកជំនាញ និងកម្មករបានខិតខំធ្វើការយ៉ាងមមាញឹក ក្នុងការឈូសឆាយចាក់បំពេញដី និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងគម្រោងនេះ។
ពេលនេះមានរោងចក្រចំនួន២ កំពុងសាងសង់នៅក្នុង ISI SEZ ដោយគ្រោងបើកដំណើរការក្នុងអំឡុងខែឧសភា ឆ្នាំ២០២៦។ ក្រៅពីរោងចក្រទាំង២ បច្ចុប្បន្នក៏មានវិនិយោគិនបរទេសជាច្រើន ពិសេសជនជាតិចិន កំពុងសិក្សាលទ្ធភាពក្នុងការបើករោងចក្រនៅក្នុង ISI SEZ ផងដែរ។ នេះបើតាមលោក ច័ន្ទសុផល។
លោកបានប្រាប់ទៀតថា តំបន់សេដ្ឋកិច្ចពិសេសកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុនផ្ទាល់។ នៅពេលមានរោងចក្រផលិត ឬកែច្នៃកាន់តែច្រើន ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិក៏មានកាន់តែច្រើនដែរ។
លោកបានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសISI នឹងក្លាយជាចំណែកដ៏សំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់ ការបង្កើតការងារដល់ប្រជាជន ព្រមទាំងចំណូលពន្ធសម្រាប់រដ្ឋាភិបាល យកទៅអភិវឌ្ឍន៍ប្រទេស។
បើតាមលោក ចន្ទ័សុផល រោងចក្រដែលកំពុងសាងសង់ គឺទី១ ជារោងចក្រផលិតសម្បកកង់រថយន្ត និងទី២ ជារោងចក្រផលិតគ្រឿងបង្គុំ និងខ្យល់សម្រាប់គាំទ្រដល់ផលិតកម្មយានយន្ត។ រោងចក្រទាំង ២ មានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន៕
