ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនដើមទុន អ្នកនាំចេញនាំចូល និងសហគ្រាសវិនិយោគទាំងអស់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែមចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម។
បុគ្គលណាដែលបានបង្កើតសហគ្រាសអាជីវកម្ម ឬ មានបំណង បង្កើតសហគ្រាសអាជីវកម្មប្រសិនបើមាន ឬរំពឹងថានឹងមានផលរបរជាប់អាករ ក្នុងរយៈពេលបីខែប្រតិទិនជាប់គ្នាលើសពី១២៥លានរៀល សម្រាប់ការផ្គត់ផ្គង់ទំនិញ និងលើសពី៦០លានរៀនសម្រាប់ការផ្គត់ផ្គង់សេវា បុគ្គល នោះអាចធ្វើការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមបាន។
ម្យ៉ាងវិញទៀតក្នុងរយៈពេលដូចគ្នានេះបុគ្គលណា ដែលមានផលរបរជាប់អាករបានមកពីការចុះកិច្ចសន្យាជាមួយរដ្ឋលើសពី៣០លានរៀល បុគ្គលនោះត្រូវតែចុះបញ្ជីរអាករលើតម្លៃបន្ថែម។ ផលរបរជាប់អាករ គឺជាចំណូលដុលរបស់អាជីវកម្មដោយមិនគិតបញ្ជូលអាករលើតម្លៃបន្ថែមនិងចំណូលពី ការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ។
សម្រាប់គោលដៅនៃការចុះបញ្ជីអាករលើតម្លៃបន្ថែម ពាក្យ “បុគ្គល” សំដៅដល់ៈ
– សហគ្រាសឯកបុគ្គល
– ក្រុមហ៊ុនសហកម្មសិទ្ធិ
– ក្រុមហ៊ុនឯកជន
– ក្រុមហ៊ុនមហាជន
– ក្រុមហ៊ុនចំរុះ
– ក្រុមអាជីវកម្ម
– ក្លឹប ឬ សមាគម ។ល។
ពាក្យ “សហគ្រាសអាជីវកម្ម” សំដៅដល់អាជីវកម្មគ្រប់ប្រភេទដូចជាៈ
ក. អាជីវកម្មធម្មតាៈ ហាងលក់ទំនិញ អ្នកម៉ៅការ អ្នកផលិត អ្នកលក់ដុំ អ្នកផ្តល់សេវាផ្សេងៗ ។ល។
ខ. ការធ្វើអាជីវកម្មនិងវិជ្ជាជីវៈ : ស្ថាបត្យករ វិស្វករ គណនេយ្យករ មេធាវី ។ល។
គ. សកម្មភាពដែលធ្វើឡើងដោយអង្គភាពមិនស្វែងរកចំណេញនានាៈ សហគម សមាគម ក្លឹបកីឡា ។ល៕