ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការកើនឡើងគួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីប្រជាប្រិយភាពកាន់តែខ្លាំងឡើងរបស់កម្ពុជា ជាគោលដៅទេសចរណ៍ និងការពង្រីកការតភ្ជាប់ផ្លូវអាកាស។
វិស័យអាកាសចរណ៍របស់កម្ពុជា បានកត់ត្រាកំណើនយ៉ាងខ្លាំង ដោយមានអ្នកដំណើរសរុបចំនួន៦.៣៣លាននាក់ ក្នុងចន្លោះខែមករាដល់ខែវិច្ឆិកានៃឆ្នាំនេះ កើនឡើង១៣ភាគរយ នេះបើយោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញកាលពីម្សិលមិញ។
-->
ទិន្នន័យបង្ហាញថា អាកាសយានដ្ឋានចំនួនបី បានបម្រើជើងហោះហើរចំនួន៥៨,៧៩២ ក្នុងអំឡុងពេលនេះ ដែលជាកើនឡើង១០ ភាគរយ។
របាយការណ៍នេះបានបន្តថា បរិមាណទំនិញតាមផ្លូវអាកាសបានថយចុះ៨ ភាគរយមកនៅត្រឹម៨៤,៤៧៥ តោនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ SSCA បានសន្មតថាកំណើននេះ បណ្តាលមកពីកត្តាជាច្រើន រួមទាំងការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ និងការពង្រីកការតភ្ជាប់ផ្លូវអាកាស។
លោកបានលើកឡើងថា “ការកើនឡើងគួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីប្រជាប្រិយភាពកាន់តែខ្លាំងឡើង របស់ប្រទេសជាគោលដៅទេសចរណ៍ និងការពង្រីកការតភ្ជាប់ផ្លូវអាកាស”។

លោកបានគូសបញ្ជាក់ពីភាពជោគជ័យរបស់SSCA ក្នុងកិច្ចសហការជាមួយក្រសួង និងស្ថាប័ននានាក្នុងបេសកកម្មរបស់ខ្លួន ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា។
លោកបន្ថែមថា “នេះគឺជាលទ្ធផល នៃគោលនយោបាយបើកចំហរជើងមេឃ ដែលបានទាក់ទាញក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិថ្មីៗ និងការតភ្ជាប់អន្តរជាតិកាន់តែប្រសើរឡើង”។
កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសដែលដំណើរការពីអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន។
បច្ចុប្បន្ននេះ មានជើងហោះហើរត្រង់ ពីប្រទេសអាស៊ានចំនួនប្រាំបី រួមទាំងប្រទេសចិន កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ ឥណ្ឌា ជប៉ុន កាតា តួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួមមកកម្ពុជា។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា “ការតភ្ជាប់ផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពងាយស្រួលរបស់អ្នកដំណើរ និងការធ្វើដំណើររបស់អ្នកទេសចរ ដោយភ្ជាប់គោលដៅសំខាន់ៗជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា”។
លោកស៊ីន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា ដោយផ្អែកលើតួលេខដែលបានធ្វើឡើងក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំនេះ SSCA ប៉ាន់ប្រមាណថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងឡើងដល់៦,៩ លាននាក់នៅចុងឆ្នាំនេះ។
ចាប់តាំងពីការដាក់ចេញនូវ គោលនយោបាយបើកចំហរជើងមេឃក្នុងឆ្នាំ១៩៩៩ កម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស។ គោលនយោបាយនេះ មានសារៈសំខាន់ក្នុងការសម្របសម្រួលដល់វិស័យទេសចរណ៍ អាជីវកម្ម ពាណិជ្ជកម្ម និងការផ្លាស់ប្តូរសង្គម -វប្បធម៌រវាងប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕
