ដោយៈ ចំណាន
កំពតៈ កំពត ជាខេត្តមួយមានភាពទាក់ទាញទេសចរណ៍ និងការវិនិយោគពីក្នុងស្រុក និងអន្តរជាតិកើនឡើងយ៉ាងច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ធនធានធម្មជាតិ ដងព្រែក ជួរភ្នំ និងសម្បត្តិធម្មជាតិដទៃទៀត បានធ្វើឲ្យខេត្តនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងភាពងាយស្រួលនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ។
លោកសយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតរហូតមកទល់ពេលនេះ មានការវិនិយោគលើសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ និងរមណីយដ្ឋានបែបលំហែរផ្សេងៗច្រើន ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេស ដែលធ្វើឲ្យចំនួនបន្ទប់ស្នាក់នៅក្នុងខេត្តកំពត កើនដល់ ជាង៥០០០ហើយ។
លោកបន្តថា “វិស័យទេសចរណ៍ ក្នុងខេត្តកំពតមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ”។ លោកបន្ថែមថា “សូម្បីក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩កន្លងមក វិស័យទេសចរណ៍ក្នុងខេត្តនេះមិនមានបញ្ហាធំដុំនោះឡើយ”។

ក្រៅពីរមណីយដ្ឋានផ្សេងៗ ខេត្តកំពតក៏មានភ្នំបូកគោ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនSokha Group ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយទុនរាប់រយលានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋាគារ បុរី និងបានកំពុងសាងសង់ពុទ្ធបដិមាកំពស់១០៨ម៉ែត្រ ដែលជាបដិមាខ្ពស់មួយក្នុងចំណោម ពុទ្ឋបដិមាខ្ពស់ៗជាងគេនៅក្នុងពិភពលោកផងដែរ។
អ្វីកាន់តែពិសេសក្រុមហ៊ុនSokha Groupក៏បាននិងកំពុងសាងសង់ផ្លូវពីចំណុចវាលស្រែ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤យ៉ាងសកម្មផងដែរ៕









