ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌា ដែលជាបងប្អូនរួមវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តពាន់ឆ្នាំមកទស្សនា នាឆ្នាំថ្មី ឆ្នាំសកល ២០២៦នេះ។
ព័ត៌មាននេះត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅពេលហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា និងសហការី ចូលជួបសម្តែងការគួរសមសម្រាប់ឆ្នាំថ្មី និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ នៅទីស្តីការក្រសួង។
-->
ក្នុងឱកាសនៃជំនួបពិភាក្សា ប្រកបដោយផ្លែផ្កានេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និត រមួតរវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាច្រើន ដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌា គួរឱ្យកត់សម្គាល់ និងជាទីមោទនៈក្នុងឆ្នាំ២០២៥ កន្លងមកនេះ។

ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact Project (QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តីហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើន មកទស្សនាកម្ពុជានាប៉ុន្នានខែចុងឆ្នាំ២០២៥។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនលោក ឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេច របស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុងKolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ច ដ៏រួសរាយរាក់ទាក់ ដូចជា បងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះការផ្តល់ជំនួយ QIP និងការផ្តល់ឱកាស ដល់មន្រ្តីរាជការក្រសួងទេសចរណ៍ចំនួន៤រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលដ៏ល្អ និងសម្រិតសម្រាំងនៅសាធារណរដ្ឋឥណ្ឌានាចុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ៕
