ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទំនុកចិត្តវិនិយោគិនបរទេស បានធ្វើឲ្យមុខមាត់រាជធានីភ្នំពេញ បាននិងកំពុងផ្លាស់ប្តូរជាមួយនឹងវត្តមាន អាគារកប់ពពកកំពស់ជិត២៥០ម៉ែត្រ បាននិងកំពុងលេចឡើងបន្ថែមទៀត។
មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានសណ្ឋាគារថ្នាក់ផ្កាយ ៥ KBX Universal Financial Center កម្ពស់២៤៩,៨០ ស្មើនឹង៥២ជាន់ និងមួយអគារទៀតកម្ពស់៨០,៧០ ស្មើនឹង១៩ជាន់ ជាអគារចំណតយានយន្ត ដែលជាការវិនិយោគរបស់ក្រុមហ៊ុន K.B.X Investment Co.,Ltd។
-->
គំរោងនេះ បានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ២០២២ វិនិយោគក្នុងទឹកប្រាក់សាងសង់ប្រមាណ១៣០លានដុល្លារ មានបន្ទប់សរុបប្រមាណ៤៤៣បន្ទប់។ ខុនដូ១២០យូនីត និងមាន៤ភូមិគ្រឹះ។
នៅពេលបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុង អាចបង្កើតការងារយ៉ាងតិច៧៣០កន្លែងដល់ប្រជាពលរដ្ឋ។
មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានទីតាំងអភិវឌ្ឍន៍ស្ថិតលើផ្លូវមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមតួលេខចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រាជធានីភ្នំពេញមានអាគារកំពស់ចាប់ពី៥ជាន់ ដល់៦០ជាន់ចំនួនប្រមាណ១៨០០អាគារ៕
