ក្រសួងទេសចរណ៍រៀបចំចលនាប្រលងប្រណាំងផ្ទៃក្នុង ដែលមិនធ្លាប់មានពីមុនមក

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ក្រសួងនឹងរៀបចំចលនាប្រលងប្រណាំង រវាងមន្ទីរទេសចរណ៍ទាំង២៥រាជធានី ខេត្ត រវាងអគ្គនាយកដ្ឋាន និងអគ្គនាយកដ្ឋាន និងនាយកដ្ឋាននិមួយៗផងដែរ។

លោកបានជម្រុញឲ្យ មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្ត្រី ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព។

នេះជាលើកទី១ ហើយដែលលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) ដើម្បីតាមដាន វាយតម្លៃលទ្ធផលការងារ និងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងបានដាក់ចេញទិសដៅការ​ងារបន្តឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ រួមទាំងដំណោះស្រាយបញ្ហាប្រឈម ទាក់ទងទៅនឹងបញ្ហាសណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ ការគ្រប់គ្រង និងអាជីវកម្មទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំនេះ  លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងនឹងដាក់ចេញចលនាប្រឡងប្រណាំង រវាងមន្ទីរ រវាងអគ្គនាយកដ្ឋាន និងរវាងនាយកដ្ឋានក្រោមឱវាទរបស់ក្រសួងទេសចរណ៍ផងដែរ។

លោកហួត ហាក់បានបន្តថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ត្រូវចូលរួមលើកកម្ពស់ និងអភិវឌ្ឍគោលដៅទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈការកែលម្អតំបន់ទេសចរណ៍ បរិស្ថាន សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ពោលគឺអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងអត្តសញ្ញាណទេសចរណ៍នៅតាមមូលដ្ឋានរៀងខ្លួនៗ ប្រកបទៅដោយចីរភាព និងការប្រកួតប្រជែង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គ្រប់មន្ទីរទេស​ចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវតែជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍ទេសចរ​ណ៍ថ្មីៗ ប្លែក និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យអញ្ជើញចូលទស្សនាខេត្តនីមួយៗកាន់តែច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ត្រូវពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ដែលជាចំណុចសំខាន់ ដើម្បីលើកកម្ពស់គុណភាពសេវាទេសច​រណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យមានប្រសិទ្ធភាព និងចីរភាព តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ជំនាញភាសា ការអភិវឌ្ឍជំនាញឌីជីថល ការផ្លាស់ប្តូរបទពិសោធន៍ និងការវាយតម្លៃ និងលើកទឹកចិត្ត ពោលគឺវាយតម្លៃសមត្ថភាព លទ្ធផលការ​ងារ លើកទឹកចិត្ត និងផ្តល់រង្វាន់ចំពោះមន្ត្រីមានសមត្ថភាពល្អ និងសកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here