ដោយ រ៉ាណេត
កំពង់ស្ពឺ ៖ នៅត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ នឹងផ្តើមសម្ពោធបើកការដ្ឋានសាងសង់ហើយជាមួយគម្រោងចំណាយទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារសហរដ្ឋអាមេរិក។
វត្តមានស្ពានអាកាសថ្មើរជើងលើកដំបូងនៅក្នុងខេត្តកំពង់មួយនេះ គឺជាផ្នែកមួយក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរនោះ ។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ ខែឧសភា នេះថា ៖ «នៅត្រឹមថ្ងៃទី២០ ខែឧសភា ខាងមុខនេះ គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនឹងត្រូវសម្ពោធបើកការដ្ឋានហើយ ក្រោមជំនួយរបស់សប្បុរសជន ដែលគិតជាទឹកប្រាក់ជិត ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក»។
លោកបានបន្តទៀតថា ៖ «កន្លងមកនៅតំបន់ដែលត្រូវសាងសង់ស្ពានថ្មើរជើង ដែលស្ថិតទីប្រជុំជនចំណតរថយន្តនៅផ្សារកំពង់ស្ពឺនេះ គឺតែងមានភាពលំបាកក្នុងការធ្វើចរាចរណ៍ ដែលងាយបង្កគ្រោះថ្នាក់ជាញឹកញាប់។
ដោយឡែកក្រោយពេលមានស្ពានអាកាសថ្មើរជើងមួយនេះ វានឹងចូលរួមកាត់បន្ថយបញ្ហាដែលតែងកើតមានបានមួយកម្រិត។ ស្ពានមួយនេះមានកម្ពស់ ៥,២ម៉ែត្រ, ទំហំទទឹង ៣ ម៉ែត្រ និងមានប្រវែង ៣០ម៉ែត្រ ដែលត្រូវចំណាយពេលសាងសង់រយៈពេលកន្លះឆ្នាំទើបរួចរាល់ជាស្ថាពរ»។
លោកក៏បានបង្ហើបផងដែរថា សម្រាប់ថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តនឹងមានគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅមុខវិទ្យាល័យកំពង់ស្ពឺ ហើយទីតាំងមួយកន្លែងទៀតស្ថិតនៅមុខបណ្តុំរោងចក្រ៕
[…] ប្រភព៖ Property Area […]