បណ្តាក្រុមហ៊ុនអចលនទ្រព្យអាស៊ានកំពុងទាក់ទាញពលរដ្ឋកូរ៉េខាងត្បូងឱ្យងាកមកទិញអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន

0

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យអាស៊ានកំពុងព្យាយាមទាក់ទាញជនជាតិកូរ៉េខាងត្បូងឱ្យទិញអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន ខណៈការកើនឡើងយ៉ាងគំហុកនៃតម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលធ្វើឱ្យការទិញផ្ទះនៅបរទេសមានតម្លៃសមរម្យជាង។

តួយ៉ាង ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ី PropEasy បានអញ្ជើញភ្នាក់ងារអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលមកកាន់ទីក្រុងកូឡាឡាំពួរ ដែលជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយសម្រាប់គម្រោងលំនៅឋាន ដែលខ្លួនកំពុងសាងសង់។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍មកពីប្រទេសហ្វីលីពីន ក៏កំពុងពិភាក្សាគ្នាជាមួយបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូង ដើម្បីរៀបចំដំណើរទស្សនកិច្ចស្រដៀងគ្នានេះសម្រាប់ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកផងដែរ។

ពលរដ្ឋកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា ជាប្រភពជំរុញតម្រូវការថ្មីដែលមានអំណាចនៃការទិញខ្លាំង ហើយតម្លៃអចលនទ្រព្យនៅក្រៅប្រទេសនៅតែមានតម្លៃសមរម្យជាងអចលនទ្រព្យនៅទីក្រុងសេអ៊ូល។

តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងសេអ៊ូលបានហក់ឡើងដល់១,៥ពាន់លានវ៉ុន (ប្រមាណ១,០៣លានដុល្លារ) គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំមុន។នេះបើយោងតាមស្ថាប័ន ​​KB Land ដែលតាមដានទិន្នន័យអចលនទ្រព្យរបស់ធនាគារ KB Kookmin។

នៅក្នុងសង្កាត់ល្បីៗដូចជា សង្កាត់ Apgujeong សង្កាត់ Banpo សង្កាត់ Cheongdam និងសង្កាត់ Hannam តម្លៃអាផាតមុិនបានហក់ឡើងដល់២០លានវ៉ុនក្នុងមួយម៉ែត្រការ៉េ ដោយផ្ទះនីមួយៗមានតម្លៃរាប់សិបពាន់លានវ៉ុន។

ផ្ទុយទៅវិញ វិនិយោគិនបរទេសនៅក្នុងប្រទេសម៉ាឡេស៊ីអាចឈានជើងចូលទីផ្សារអចលនទ្រព្យ ជាមួយនឹងការបណ្តាក់ទុនវិនិយោគអប្បបរមាចំនួន១លានរីងហ្គីត (ប្រមាណ២៤៦.០០០ដុល្លារ) នៅទីក្រុងកូឡាឡាំពួរ។ ការលើកទឹកចិត្តផ្សេងទៀតរួមមានដូចជា ការលើកលែងពន្ធលើការផ្ទេរមរតក។

ការវិនិយោគលើខុនដូនៅទីក្រុងកូឡាឡាំពួរក៏ផ្តល់ជូននូវផលចំណេញដ៏គួរឱ្យទាក់ទាញចន្លោះពី៤ភាគរយទៅ៦ភាគរយផងដែរ បើធៀបនឹងអត្រា៣ភាគរយទៅ៤ភាគរយនៅទីក្រុងហុងកុង និងទីក្រុងធំៗផ្សេងទៀតនៅលើពិភពលោក៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here