ដោយៈ គង់ សូរិយា
ភ្នំពេញៈ សប្បុរសជនឥណ្ឌាដែលស្រលាញ់សនិ្តភាព និងគាំទ្រអភិរក្សទេសចរណ៍បែបវប្បធម៌ និងសាសនាស្នើសុំក្រសួងទេសចរណ៍ជួយគំាទ្រ លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌា និងកិច្ចសហការនាំភ្ញៀវទេសចរណ៍ឥណ្ឌា មកទស្សនាកម្ពុជាកាន់តែច្រើនឡើង។
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation និងសហការី ចូលជួបសម្តែងការគួរសម ស្នើសុំការគំាទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
-->

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោកបណ្ឌិតស្ថាបនិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ស្ថាប័ន Diplomacy for Good Foundation ចូលជួបសំដែងការគួរសម និងគោរពរាយការណ៍ពីសកម្មភាពការងាររបស់ស្ថាប័នលើការងារការទូតទេសចរណ៍ ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈសកម្មភាពការទូត និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការជំរុញភ្ញៀវទេសចរឥណ្ឌា មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានជម្រាបជូន លោករដ្ឋមន្រ្តីអំពីសំណើសុំការគាំទ្រ ពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគំាទ្រពីសប្បុរសជនឥណ្ឌា ដែលស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងប្រទេសកម្ពុជា។

បន្ថែមនឹងនេះដែរ លោកបណ្ឌិតក៏បាននាំយកអំណោយសប្បុរសធម៌ ជាអង្ករចំនួន២តោន តាមរយៈក្រសួងទេសចរណ៍ ដើម្បីបន្តផ្តល់ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេង បានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកបណ្ឌិត ស្ថាប័ន Diplomacy for Good Foundation និងសប្បុរសជនឥណ្ឌាទាំងអស់ ដែលបានលើកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះ និងការទាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជា តាមរយៈសកម្មភាពការទូតទេសចរណ៍ និងវប្បធម៌ ដែលប្រទេសកម្ពុជា និងឥណ្ឌាមានចំណងការទូតជាង៧៤ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ។
លោកហួត ហាក់បានស្នើលោកបណ្ឌិត និងស្ថាប័ន Diplomacy for Good Foundation បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សន្តិសុខល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យ វត្តមានភ្ញៀវទេសចរឥណ្ឌា ដែលកំពុងកើនឡើងមកកម្ពុជានាពេលនេះ ដល់ប្រជាជនឥណ្ឌា ដើម្បីមកទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត៕
