កម្ពុជា ឡាវចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួងកសិក​ម្ម រុក្ឋាប្រមាញ់ និងនេសាទ លោកឌិត​ ទីណា​ អញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម ជាមួយ​លោកបណ្ឌិត​ Linkham DOUANGSAVANH នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នាឱកាសនៃជំនួបកាលពីថ្ងៃទី២៥ មករា កន្លងមក លោកឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេ​សទាំងពីរ​កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិត​ផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ​ លោករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះ បញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត។

លោកបន្តថា ក្រុមការងារជំនាញទាំងពីរ នឹងធ្វើការជាមួយគ្នា​ពិនិត្យលើនីតិវិធី នៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាព នៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេ​សឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលើកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ លើ​ស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដេីមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here