ដំណឹងល្អ!ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោកសម្រេចចិត្តរៀបចំមហាសន្និបាត GX Summit ឆ្នាំ២០២៦នៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍កម្រិតពិភពលោក ដែលមានទីស្នាក់ការចុះបញ្ជីនៅកាណាដា និងមានការិយាល័យជុំវិញពិភពលោក G Adventures បានសម្រេចចិត្ត​រៀបចំមហាសន្និបាតGX Summit ឆ្នាំ២០២៦ នៅកម្ពុជា។

តាមរយៈការជូនដំណឹង ពីក្រុមហ៊ុនទេសចរណ៍កាណាដាលំដាប់ពិភពលោកដ៏ល្បីល្បាញ និងមានអាយុកាលជិត៤០ឆ្នាំ គឺក្រុមហ៊ុន G Adventures បានសម្រេចជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ឆ្នាំ២០២៦ ដោយគ្រោងរៀបចំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

យោងតាមការផ្សាយរបស់ Travel Market Report បានបង្ហាញថា ការសម្រេចចិត្តនេះ គឺធ្វើឡើងដើម្បីជំរុញវិស័យទេសចរណ៍បែបសហគមន៍ ឱ្យមានឥទ្ធិពលវិជ្ជមានខ្លាំងក្លា ដល់សេដ្ឋកិច្ចមូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ដារវិស័យទេសចរណ៍នេះយ៉ាងខ្លាំងក្លា ក្រោយពីបញ្ហាប្រឈមធំៗ កន្លងមក។

តាមរយៈសម្រង់សម្តីរបស់លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures លោកបានលើកឡើងថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ និងមានសុវត្ថិភាពបំផុត ប៉ុន្តែពិតណាស់ត្រូវការការគាំទ្របន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈទេស​ចរណ៍។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងរៀបចំព្រឹត្តិការណ៍GX Cambodia ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយនឹងនាំមកនូវភ្នាក់ងារទេសចរណ៍ ដៃគូពាណិជ្ជកម្ម អ្នកបង្កើតមាតិកា និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មទេសចរណ៍ ជុំវិញពិភពលោក មកជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌បុរាណ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប និងជាកិច្ចគាំទ្រ ដល់គម្រោងសហគមន៍ទេសចរណ៍នានា ដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here