តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ២០២៦ ខណៈការផ្គត់ផ្គង់កើនឡើង

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកនៅតែបន្តធ្លាក់ចុះរហូតដល់ឆ្នាំ២០២៦ ដោយសារការផ្គត់ផ្គង់បន្តកើនឡើង ហើយម្ចាស់ផ្ទះព្យាយាមដំឡើងថ្លៃ ដែលជាហេតុនាំឱ្យតម្រូវការជួលអាផាតមុិនមានការធ្លាក់ចុះ។

តម្លៃជួលអាផាតមុិនជាមធ្យមទូទាំងប្រទេសក្នុងខែមករាមានទំហំទឹកប្រាក់ចំនួន១.៣៥៣ ដុល្លារ ធ្លាក់ចុះ១,៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តួលេខនេះជាការធ្លាក់ចុះក្នុងអត្រាខ្ពស់បំផុតប្រចាំឆ្នាំ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ និងជាតម្លៃជួលទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២២។

អត្រា​អាផាតមុិន​ទំនេរ​ទូទាំងសហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់៧,៣ភាគរយក្នុង​ខែមករា ឆ្នាំ២០២៦ ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​មួយ​នៅលើ​សន្ទស្សន៍ Apartment List គិតចាប់​តាំងពី​ឆ្នាំ២០១៧។ គេត្រូវចំណាយពេលជា​មធ្យមចំនួន៤១ថ្ងៃ​ដើម្បី​ស្វែងរកអ្នកជួលបាន កើនឡើង៤​ថ្ងៃ​បើធៀប​នឹង​ខែមករា ឆ្នាំ២០២៥។

ការផ្គត់ផ្គង់​យូនីត​អាផាតមុិនថ្មីៗ​​កំពុងហូរ​ចូល​មក​ក្នុង​ទីផ្សារ ខណៈ​តម្រូវការ​នៅតែ​បន្តធ្លាក់ចុះ ​ដោយសារ​ទីផ្សារ​ការងារ​នៅសហរដ្ឋអាមេរិកកាន់តែ​មានភាពតានតឹង។នេះបើយោងតាមការចុះផ្សាយដោយកាសែត CNBC។

តម្លៃជួលអាផាតមុិនកំពុងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិក ខណៈតម្លៃអាផាតមុិននៅតំបន់ភាគឦសាន តំបន់ Midwest និងផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងលិចនៅតែបន្តកើនឡើង។ តួយ៉ាង តម្លៃជួលអាផាតមុិនជាមធ្យមនៅទីក្រុង Austin នៃរដ្ឋ Texas បានធ្លាក់ចុះ៦,៣ភាគរយក្នុងខែមករា ធៀបនឹងឆ្នាំមុន។

ចំណែក តម្លៃជួលអាផាតមុិននៅទីក្រុង Virginia Beach នៃរដ្ឋ Virginia សម្រេចបានកំណើនលឿនបំផុតក្នុងរង្វង់៥ភាគរយ តាមពីក្រោយដោយទីក្រុង San Jose ទីក្រុង San Francisco និងទីក្រុង Chicago៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here