ក្រសួងព័ត៌មាននិងក្រសួងទេសចរណ៍រួមគ្នាផ្សព្វផ្សាយព័ត៌មានទេសចរណ៍ឲ្យកាន់តែទូលំទូលាយ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្នុងកិច្ចពិភាក្សាស្តីពីវិស័យទេសចរណ៍ តំណាងក្រសួងព័ត៌មាន បានបង្ហាញពីលទ្ធផលផ្លែផ្កា នៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិចម្រុះ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា “ក្នុងក្របខណ្ឌនៃយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ក្រសួងទាំងពីរបានចាប់ដៃគ្នា ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែរីកសុះសាយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការសកម្មភាព ដើម្បីទាក់ទាញពិភពលោកឱ្យធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា

លោកបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាពិសេសមួយក្រោមប្រធានបទបណ្ដាញសង្គម៖ សម្លេងឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលរៀប​ចំ​ឡើងដោយក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងនេះ ការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់ ខណៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងទំនើបទាំងជាតិ និងឯកជនបន្តដើរតួនាទីស្នូល និងយ៉ាងសកម្មក្នុងទិសដៅនេះ។

ជាក់ស្តែង ក្នុងឆ្នាំ២០២៥ បណ្តាញសារព័ត៌មានជាតិមានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានAKP និងបណ្តាញផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានក្នុង២៥ រាជធានី-ខេត្តបានផលិត និងផ្សាយព័ត៌មានទាក់ទងនឹងវិស័យទេសចរណ៍ ចំនួនប្រមាណ៣០០០មាតិកា ក្នុងទម្រង់ចម្រុះដូចជា វីដេអូ សំណេរ រូបថតប្រកបដោយគុណភាព ដោយបានផ្សាយ តាមរយៈគេហទំព័រAPP និងបណ្តាញសង្គមរបស់ក្រសួងព័ត៌មាន មានFacebook, TikTok, យូធូប,X និង Instagram បន្ថែមលើការផ្សាយតាមប្រព័ន្ធប្រពៃណី មានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា។

ជាមួយគ្នានេះ មន្ទីរព័ត៌មាន២៥រាជធានីខេត្ត បានសហការជាមួយមន្ទីរទេសចរណ៍ ក៏ដូចជាតួអង្គពាក់ព័ន្ធមានវិស័យរដ្ឋ និងឯកជន ដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍សំខាន់ៗ ជាមួយរមណីយដ្ឋានថ្មី ប្លែក មានភាពទាក់ទាញ ពីនៅក្នុងមូលដ្ឋានរាជធានី-ខេត្តរបស់ខ្លួន តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មាន និងរូបភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីឱ្យចង់មកទស្សនាកម្ពុជាម្ដងហើយម្ដងទៀត។

ជាងនេះទៀត តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ព័ត៌មានស្តីពីទេសចរណ៍កម្ពុជា ត្រូវបានបញ្ជូនទៅកាន់ដៃគូសារព័ត៌​មានអន្តរជាតិ នៅក្រៅប្រទេសចំនួន១៨ ទីភ្នាក់ងារ ដែលមានសកម្ម​ភាពគ្របដណ្ដប់នៅគ្រប់ទ្វីបទាំងអស់លើសកលលោក។

មានប្រសាសន៍ឆ្លើយទៅនឹងសំណួរ ទាក់ទងនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ មានសារៈសំខាន់ណាស់ ក្នុងការប្រឆាំងនឹងការបំភ្លៃការពិត ការផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចេតនា អាក្រក់បង្ខូចកិត្តិយសជាតិ និងវិស័យទេសចរណ៍ប្រទេសកម្ពុជា។

លោកបញ្ជាក់ថា “កិច្ចខិតខំនេះ សំដៅធានាសន្តិសុខព័ត៌មាននៅកម្ពុជា រួមចំណែកជំរុញសេដ្ឋកិច្ច តាមរយៈទេសចរណ៍ ព្រោះនៅពេលមានការផ្សព្វផ្សាយពិតយ៉ាងទូលំទូលាយ វានឹងទាក់ទាញការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយភាពជឿជាក់ កក់ក្តៅ និងមានទំនុកចិត្ត”។

ក្រសួងទេសចរណ៍ បានរៀបចំកិច្ចពិភាក្សាពិសេសមួយ ដោយផ្តោតលើសារសំខាន់ នៃការប្រើប្រាស់បណ្ដាញសង្គម ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ និងសក្តានុពលប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។ កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការគិតគូរ រិះរកវិធីសាស្ដ្រ និងមធ្យោបាយថ្មីៗ សម្រាប់ការផ្សព្វផ្សាយដោយប្រព័ន្ធបែបថ្មី ដើម្បីជំរុញការស្គាល់កម្ពុជាឱ្យកាន់តែច្រើន និងលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយភាពទាក់ទាញក្នុងយុគសម័យឌីជីថល។

កិច្ចពិភាក្សានេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយលោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស តំណាងស្ថាប័នរដ្ឋ និងឯកជន និងអ្នកបង្កើតមាតិកាល្បីៗជាច្រើននាក់ទៀត។

អង្គពិភាក្សាបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមតែជាឧបករណ៍ សម្រាប់ផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារផ្នែកទីផ្សារ (Marketing) ដ៏សំខាន់មួយ ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ផលិតផល និងគុណភាពសេវាកម្ម ទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរច្រើនឡើងឱ្យអញ្ជើញមកទស្សនា និងកំសាន្តនៅកម្ពុជា។

ទាំងនេះ ជាគន្លឹះដ៏សំខាន់មួយរួមចំណែក ក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពវិស័យទេសចរណ៍ ខណៈបន្តលើកតម្កើងរូបភាពវិជ្ជមា​នរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here