ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទចំនួន៩ ក្នុងនោះវេទិកាពិភាក្សាប្រធានបទទី១ ស្តីពី “គុណភាពសេវាកម្មទេសចរណ៍៖ ពីស្ដង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់មកវិញរបស់ភ្ញៀវ”។
ការពិភាក្សានេះបានធ្វើឡើង នៅក្នុងដំណើរការប្រព្រឹត្តទៅនៃសន្និបាតបូកសរុបលទ្ធផល ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។
-->
សារៈសំខាន់ស្នូលនៃប្រធានបទ ក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍រួមមាន ទី១ បង្កើតឱកាសវិនិយោគ ដល់ធុរជនក្នុងវិស័យទេសចរណ៍បន្ថែម តាមរយៈការផ្តល់ទិន្នន័យឧស្សាហកម្ម ទេសចរណ៍ប្រកបដោយភាពច្បាស់លាស់ ទី២ បង្កើតការចងចាំដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឈានដល់ការពន្យាពេលស្នាក់នៅរបស់ ភ្ញៀវទេសចរកាន់តែយូរ និងចំណាយកាន់តែច្រើន។
ទី៣ បង្កើតនិងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋ ដើម្បីឱកាសការងារកាន់តែច្រើន និងបង្កើត ចំណូលជូនប្រជាពលរដ្ឋ។
លទ្ធផលជាក់ស្តែងនៃកិច្ចពិភាក្សា គឺដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ពីស្តង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់មកវិញរបស់ភ្ញៀវ គឺត្រូវមានធាតុផ្សំសំខាន់បីរួមមាន៖ ១.ការគ្រប់គ្រងតម្រូវការនិងការផ្គត់ផ្គង់របស់អាជីវកម្ម។ ២. ការរៀបចំស្តង់ដាគុណភាពសេវាកម្ម ៣.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់បុគ្គលិកឱ្យត្រូវនឹងតម្រូវការរបស់ទីផ្សារ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយ កង្វះខាតបុគ្គលិកជំនាញក្នុងរដូវកាលបៃតង គួរសិក្សាពីប្រាក់ខែអប្បបរមាដល់បុគ្គលិក ស្នើឱ្យមានការសិក្សាទៅលើមុខម្ហូបតំណាងឱ្យប្រទេសកម្ពុជា ជំរុញផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ ទៅដល់ទីផ្សារអន្តរជាតិឱ្យបានទូលំទូលាយ៕
