កម្ពុជាកំពុងសម្លឹងសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌា

0

ដោយៈ ម៉ាណា

    សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប បានពិភាក្សាការងារជាមួយកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងBangalore ដើម្បីពង្រីកសក្ដានុពលទេសចរណ៍ និងវិនិយោគជាមួយទីផ្សារឥណ្ឌា ស្របពេលដែលប្រទេសទាំងពីរ កំពុងពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងBangalore នៃសាធារណរដ្ឋឥណ្ឌា ដើម្បីរឹតចំណងមិត្តភាព និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ។

‎ក្នុងជំនួបប្រកបដោយផ្លែផ្កានៅពេលនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ជាពិសេសការទាញ​យកផលប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍រវាងខេត្តសៀមរាប និងទីក្រុង Bangalore។

ក្នុងកិច្ចពិភាក្សានេះ ផ្ដោតសំខាន់លើការជំរុញទីផ្សារទេសចរណ៍ តាមរយៈពង្រឹងការ​ផ្សព្វផ្សាយ ​តាមរយៈការរៀបចំវេទិកាជំនួបពាណិជ្ជកម្មទេសចរណ៍ (B2B) ការផ្លាស់ប្តូរប្រតិភូទស្សនកិច្ច និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ជាពិសេសពីទីក្រុងបច្ចេកវិទ្យាBangalore ឱ្យមកកម្សាន្តនៅខេត្តសៀម​រាបកាន់តែច្រើនឡើង។

ការជំរុញរៀបចំព្រឹត្តិការណ៍រួមគ្នាដូចជា កម្មវិធីហាត់យូហ្គា (Yoga) ខ្នាតធំ និងការផ្លាស់ប្តូរសិល្បៈវប្បធម៌ ដើម្បីពង្រឹងស្មារតីមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ តាមរយៈការបើកផ្លូវឱ្យមានការវិនិយោគ លើវិស័យសណ្ឋាគារ សេវាកម្ម បច្ចេកវិទ្យាទំនើប និងវិស័យកសិកម្មកែច្នៃ ដែលជាកម្លាំងចលករ​យ៉ាងសំខាន់​ ក្នុងការលើកស្ទួយ​សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តសៀមរាប។

ក្នុងនោះដែរថ្នាក់ដឹងទាំង២ បានផ្តោតលើការផ្លាស់ប្តូរផ្នែកអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងសមត្ថភាពជំនាញដល់យុវជន និងបុគ្គលិកក្នុងវិស័យពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here