រដ្ឋបាលខេត្តសៀមរាបពិភាក្សាជាមួយក្រុមហ៊ុនមួយដើម្បីជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីក្រុងឌូបៃ

0

ដោយៈ ម៉ាលីនណា

    សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកង៉ូវ សេងកាក់បាន ពិភាក្សាជាមួយក្រុមហ៊ុន DUBAI AMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ។

ក្នុងជំនួបនោះ លោកបានជួបជាមួយលោកស្រី MATH AMIRORS នាយិកាប្រតិបត្តិ ក្រុមហ៊ុន DUBAI AMIRAKLETOUR និងជាប្រធានហើយ និងក្រុមការងារពាណិជ្ជកម្មតភ្ជាប់រវាងទីក្រុង ឌូបៃ និងប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធវិស័យទេសចរណ៍។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ និងអ្នកផ្សព្វផ្សាយមាតិកាទេសចរណ៍មកពី អារ៉ាប់អេមីរ៉ាត ផងដែរ។

កិច្ចពិភាក្សាបានផ្តោត លើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១. ពង្រឹងការតភ្ជាប់ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ខេត្តសៀម​រាបភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម (B2B) ការចូលរួមវេទិកា និងព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។

ទី២. បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ ផ្តោតលើការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗ ជាពិសេសតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ជំរុញកិច្ចសហការរវាងអាជ្ញាធរខេត្ត ជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកា​សចរណ៍ និងវិនិយោគិន ដើម្បីរួមចំណែកអភិវឌ្ឍផលិតផលទេសច​រណ៍ថ្មីៗ និងលើកកម្ពស់គុណភាពសេវាកម្ម ឱ្យសមស្របតាមស្តង់ដារអន្តរជាតិ។ ទី៤. លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន ការកើនឡើងនៃចំនួនភ្ញៀវទេសចរ នឹងរួមចំណែកគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដូចជា ភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋានផ្សេងៗ ដែលជាកត្តាសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ជាមួយនឹងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកទេសចរណ៍ រវាងទីផ្សារអារ៉ាប់អេមីរ៉ាត និងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេស​ចរអន្តរជាតិបន្ថែម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here