ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់បានថ្លែងថា ទេសចរភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។
លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាគណៈអធិបតីក្នុង “ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិន អបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន” ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ។
តាមរយៈសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងមន្រ្តីកម្ពុជាពាក់ព័ន្ធ។

លោកហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យ នៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា ចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជា យល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិន តាមរយៈសាច់រឿងរបស់ភាពយន្ត។
លោកបន្តថា តាមរយៈព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដោយស្មោះ ចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានសហការជាមួយក្រុមការងារមកពីគ្រប់ផ្នែក ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងភាពអស្ចារ្យ ដើម្បីផ្តល់ជាអាហារចក្ខុដ៏មានគុណតម្លៃ ជូនដល់សាធារណជនយើងទាំងក្នុងទិដ្ឋភាពអប់រំ វប្បធម៌ ទេសចរណ៍ និងការកម្សាន្ត។
លោកបន្តថា ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី១០” នាឱកាសនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ ភាពទាក់ទាញ និងភាពរស់រវើកនៅលើឆាកអន្តរជាតិ។
លោកបញ្ជាក់ថា “ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏មានគុណតម្លៃ ក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិនឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ”។
ក្នុងរយៈពេល១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង៣០០លើក និងមានអ្នកទស្សនាសរុបជាង១០ម៉ឺននាក់៕








