ដោយៈ ម៉ាណា
ភ្នំពេញៈ សមាគមមកពីវិស័យឯកជនចំនួន២ បានដាក់ចេញកម្មវិធីស៊េរីខ្លី Cambodia Travel Match(CTM) 2026 នឹងចាប់ផ្តើមជាផ្លូវការរយៈពេល១ឆ្នាំ ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ២០២៦ ជាមួយនឹងកម្មវិធីដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
យុទ្ធនាការដ៏សំខាន់នេះ គឺជាបរិយាកាសសម្រាប់យុគសម័យថ្មីនៅក្នុងដំណើរទេសចរណ៍របស់កម្ពុជា ដោយលើកកម្ពស់ប្រទេសកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រឹងមាំ មានភាពចម្រុះ និងមានការប្រកួតប្រជែងកម្រិតសកល។
“CTM 2026” នឹងត្រូវរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា(PATA) សហការជាមួយក្រសួងទេសចរណ៍ និងសហព័ន្ធទេសចរណ៍កម្ពុជា(CTF)។ ស៊េរីទេសចរណ៍ខ្លីៗរបស់CTM 2026 ជាកម្មវិធីទីផ្សារគោលដៅរយៈពេល១២ខែ ដែលត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញក្រុមហ៊ុនអ្នកទិញអន្តរជាតិ ដែលមានសក្តានុពលខ្ពស់ និងជំរុញពាណិជ្ជកម្មទេសចរណ៍ ដែលអាចវាស់វែងបានពេញ១ឆ្នាំ។
យោងតាមPATA ក្នុងខែមីនា និងខែមេសា កម្មវិធីរបស់ CTM 2026 ជាការស្វាគមន៍ក្រុមហ៊ុនអ្នកទិញចំនួន២៥ មកពីប្រទេសឥណ្ឌូនេស៊ី, ១០ មកពីប្រទេសម៉ាឡេស៊ី, ៥ មកពីសិង្ហបុរី។ ក្រៅពីនេះក៏មានក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិចូលរួមក្នុងការផ្គូផ្គងអាជីវកម្ម B2B ជាច្រើនទៀត។
ក្រុមហ៊ុនអ្នកទិញនីមួយៗ នឹងស្វែងយល់ពីគោលដៅសំខាន់ៗទាំងបីរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ៦ យប់៧ថ្ងៃ ដោយមានការទស្សនាទីតាំងដ៏សំខាន់ៗ ការណាត់ជួបលក់ដែលមានរចនាសម្ព័ន្ធ និងព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងកម្រិតខ្ពស់។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បាននិយាយថា CTM 2026 គឺជាចលនាជាតិមួយ ដើម្បីលើកកម្ពស់មុខមាត់ ទេសចរណ៍សកលកម្ពុជា និងភាពធន់នៃវិស័យទេសចរណ៍ទាំងមូល។ CTM 2026 គឺជាការឆ្លើយតបរបស់កម្ពុជាចំពោះទីផ្សារដែលកំពុងផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកធ្វើដំណើរដែលកំពុងវិវត្ត និងតម្រូវការសម្រាប់ការស្តារឡើងវិញ នៃវិស័យទេសចរណ៍ប្រកបដោយការរួមបញ្ចូល។
លោកបានថ្លែងថា “យើងកំពុងកសាងលើសមិទ្ធផលនៃ CTM 2024 ដោយផ្លាស់ប្តូរពីព្រឹត្តិការណ៍ ដែលគេរៀបចំម្តងម្កាលពីមុនឱ្យទៅជាយុទ្ធនាការជាតិ ប្រកបដោយចីរភាពជាមួយ នឹងការផ្សព្វផ្សាយទូទាំងពិភពលោក”។ លោកបន្តថា “នេះជាពេលវេលារបស់ប្រទេសកម្ពុជា ដើម្បីដឹកនាំការផ្លាស់ប្តូរទេសចរណ៍នៅអាស៊ីអាគ្នេយ៍”៕







