កម្ពុជាដាក់ចេញយុទ្ឋនាការថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈកម្មវិធីCTM

0

ដោយៈ ម៉ាណា

ភ្នំពេញៈ សមាគមមកពីវិស័យឯកជនចំនួន២ បានដាក់ចេញកម្មវិធីស៊េរីខ្លី Cambodia Travel Match(CTM) 2026 នឹងចាប់ផ្តើមជាផ្លូវការរយៈ​ពេល១ឆ្នាំ ​ដោយ​ចាប់​ផ្តើម​ពី​ខែ​មីនា ឆ្នាំ២០២៦ ជាមួយនឹងកម្មវិធីដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

យុទ្ធនាការដ៏សំខាន់នេះ គឺជាបរិយាកាសសម្រាប់យុគសម័យថ្មីនៅក្នុងដំណើរទេសចរណ៍របស់កម្ពុជា ដោយលើកកម្ពស់ប្រទេស​​កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រឹងមាំ មានភាពចម្រុះ និងមានការប្រកួតប្រជែងកម្រិតសកល។

CTM 2026” នឹង​ត្រូវ​រៀបចំឡើងដោយ​សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា​(PATA) សហការ​ជាមួយក្រសួងទេសច​រណ៍ និង​សហព័ន្ធទេសចរណ៍កម្ពុជា(CTF)។ ស៊េរីទេសចរណ៍ខ្លីៗរបស់CTM 2026 ជា​កម្មវិធីទីផ្សារគោលដៅរយៈពេល១២​ខែ ​ដែលត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញក្រុមហ៊ុនអ្នកទិញអន្តរជាតិ ដែលមានសក្តានុពលខ្ពស់ និងជំរុញពាណិជ្ជកម្មទេសចរណ៍ ដែលអាចវាស់វែងបានពេញ១ឆ្នាំ។

យោង​តាមPATA ក្នុង​ខែ​មីនា និងខែមេសា កម្ម​វិធី​របស់ CTM 2026 ជាការ​ស្វាគមន៍​ក្រុមហ៊ុនអ្នកទិញចំនួន២៥ មកពីប្រទេសឥណ្ឌូនេស៊ី, ១០ មកពីប្រទេសម៉ាឡេស៊ី, ៥ មកពីសិង្ហបុរី។ ក្រៅ​ពី​នេះ​ក៏​មាន​ក្រុមហ៊ុនក្នុង​ស្រុក និង​អន្តរជាតិ​ចូលរួមក្នុងការផ្គូផ្គងអាជីវកម្ម B2B ជា​ច្រើន​ទៀត​។

ក្រុមហ៊ុនអ្នកទិញនីមួយៗ នឹងស្វែងយល់ពីគោលដៅសំខាន់ៗទាំងបីរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ៦ យប់៧ថ្ងៃ ដោយមានការទស្សនាទីតាំងដ៏សំខាន់ៗ ការណាត់ជួបលក់ដែលមានរចនាសម្ព័ន្ធ និងព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងកម្រិតខ្ពស់។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បាន​និយាយ​ថា CTM 2026 គឺជាចលនាជាតិមួយ ដើម្បីលើកកម្ពស់​មុខមាត់ ទេស​ចរណ៍សកលកម្ពុជា និងភាពធន់នៃវិស័យទេសចរណ៍​ទាំងមូល​។ CTM 2026 គឺជាការឆ្លើយតបរបស់កម្ពុជាចំពោះទីផ្សារដែលកំពុងផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកធ្វើដំណើរដែលកំពុងវិវត្ត និងតម្រូវការសម្រាប់ការស្តារឡើងវិញ នៃវិស័យទេសចរណ៍ប្រកបដោយការរួមបញ្ចូល។

លោក​បាន​ថ្លែង​ថា “យើងកំពុងកសាងលើសមិទ្ធផលនៃ CTM 2024 ដោយផ្លាស់ប្តូរពីព្រឹត្តិការណ៍ ដែលគេរៀបចំម្តងម្កាលពីមុនឱ្យទៅជាយុទ្ធនាការជាតិ ប្រកបដោយចីរភាពជាមួយ នឹងការផ្សព្វផ្សាយទូទាំងពិភពលោក”។ លោកបន្តថា “នេះជាពេលវេលារបស់ប្រទេសកម្ពុជា ដើម្បីដឹកនាំការផ្លាស់ប្តូរទេសចរណ៍នៅអាស៊ីអាគ្នេយ៍”៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here