ដោយៈ ម៉ាណា
ព្រះសីហនុៈ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table។
គម្រោងនេះ មានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ដែលជាតំបន់ដែលមានសក្តានុពលធម្មជាតិខ្ពស់។ Toeksab Nature Table ត្រូវបានរៀបចំឡើងជា “រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ផែបណ្តែតទឹក” ដែលរួមមាន៖សកម្មភាពកម្សាន្ត កីឡាលើទឹកយ៉ាងសម្បូរបែប និងការជិះទូកកម្សាន្តគយគន់ទេសភាពព្រៃកោងកាងតាមបណ្តោយព្រែកទឹកសាប។
ការលើកកម្ពស់សោភ័ណភាពធម្មជាតិ ក្នុងតំបន់ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានការបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសគឺ “អាហារសុខភាព” និងអាហារបែបអឺរ៉ុប ដែលចម្អិនពីគ្រឿងផ្សំធម្មជាតិស្រស់ៗ ដោយចុងភៅជំនាញ។
តាមការបញ្ជាក់របស់លោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Toeksab Nature Table បានឱ្យដឹងថា “គោលបំណងធំនៃគម្រោងនេះ គឺបង្កើតផលិតផលទេសចរណ៍ថ្មីប្លែក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត នៅតំបន់រាមកាន់តែច្រើន ក៏ដូចជាចូលរួមចំណែកជំរុញសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុទាំងមូល”។

លោករដ្ឋមន្ត្រី បានគាំទ្រចំពោះវិស័យឯកជន ដែលបានរៀបចំឍឱ្យមានកន្លែងកំសាន្ត ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។ ហើយទាំងអស់នេះ គឺជាការបំពេញបន្ថែមមួយក្រៅពីតំបន់ឆ្នេរកោះ ចំពោះទីតាំងដែលទើបបង្កើត កន្លែងកម្សាន្តថ្មីនេះ មានទាំងតំបន់អេកូទេសចរណ៍តាមដងព្រែក ដែលជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិ មកជិះទូកលំហែកម្សាន្ត មានកន្លែងជិះកង់លើទឹក នៅតាមដងព្រែកមានម្ហូបអាហារឆ្ងាញ់ ដែលធ្វើឱ្យសក្តានុពលទេសចរណ៍ នៅខេត្តព្រះសីហនុ កាន់តែសំបូរបែបន្ថែមទៀត។
លោកក៏បានកោតសរសើរ ចំពោះវិស័យឯកជនដែលបានរៀបចំកែច្នៃប្រឌិតនៅតាមដងព្រែក ក្លាយជាតំបន់កម្សាន្តទេសចរណ៍ដ៏មានប្រជាប្រិយភាព នៅតំបន់ព្រែកទឹកសាប ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន តាមរយៈការអភិវឌ្ឍន៍ឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។
មានប្រសាសន៍ឱកាសនោះដែរ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់បន្ថែមថា តំបន់ទេសចរណ៍ថ្មីនេះគឺជាកន្លែងទេសចរណ៍ថ្មីមួយទៀត សម្រាប់ភូមិសាស្ត្រនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុដែលជាកន្លែង មានទេសភាពស្រស់បំព្រង មានព្រែក ព្រៃកោងកាង ហើយក៏ជាកន្លែងលំហែកាយរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរដ៏មានប្រជាប្រិយភាព។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរ ទាំងក្នុងខេត្ត និងបណ្ដារាជធានីខេត្តទូទាំងប្រទេស សូមអញ្ជើញមកសម្រាកលំហែកម្សាន្ត នឹងតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើន ដូចជា តំបន់ឆ្នេរ ដីគោក ដីកោះ ធនធានបាតសមុទ្រ តំបន់ទឹកធ្លាក់និងតំបន់ឧទ្យានជាតិទាំងរដ្ឋ និងវិស័យឯកជនបាន និងកំពុងរៀបចំបង្កើតឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្តខេត្តកាន់តែច្រើនថែមទៀត។
ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំនាពេលនេះ បង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យឯកជន ដែលបានវិនិយោគលើវិស័យទេសចរណ៍បៃតង។
គម្រោងនេះ នឹងក្លាយជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយទៀតក្នុងខេត្តព្រះសីហនុ ដែលមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ល្អៗ និងការអភិរក្សបរិស្ថានផងដែរ៕







