ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Trump Organization គ្រោងសហការសាងសង់អគារកំពស់៩១ជាន់នៅក្នុងប្រទេសអូស្ត្រាលី ដោយរួមបញ្ចូលគ្នានូវសណ្ឋាគារ និងអាផាតមុិនប្រណីតនៅក្នុងរមណីយដ្ឋាន Surfers Paradise លើឆ្នេរ Gold Coast នៃរដ្ឋ Queensland។
យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ Trump Hotels បានបង្ហាញថា ការអភិវឌ្ឍនេះនឹងមានលំនៅដ្ឋានចំនួន២៧២យូនីត រួមជាមួយនឹងក្លឹបឆ្នេរឯកជន ហាង និងភោជនីយដ្ឋាន។
អគារនេះនឹងត្រូវបានសាងសង់ដោយក្រុមហ៊ុន Altus Property Group ដែលនឹងក្លាយជាអគារខ្ពស់បំផុតរបស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគជិត១,៥ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ១,០៦ពាន់លានដុល្លារអាមេរិក)។

គេហទំព័រ Trump Hotels បានសរសេរថា គម្រោងដ៏សំខាន់នេះនឹងកំណត់ឡើងវិញនូវភាពទំនើបនៃឆ្នេរសមុទ្រជាមួយនឹងគ្រឿងបរិក្ខារលំដាប់ពិភពលោក ការរចនាដ៏ល្បីល្បាញ និងទិដ្ឋភាពទីក្រុងឆ្នេរសមុទ្រ Gold Coast។
លទ្ធភាពនៃការសាងសង់គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងរយៈពេលជិតពីរទសវត្សរ៍មកហើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន លោក David Young នាយកប្រតិបត្តិក្រុមហ៊ុន Altus បានលើកឡើងនូវគំនិតនេះជាលើកដំបូងក្នុងឆ្នាំ២០០៧។
លោកបានបញ្ជាក់បន្ថែមថា គម្រោងខាងលើត្រូវបានចុះហត្ថលេខានៅរមណីយដ្ឋាន Mar-a-Lago របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីដើមខែកុម្ភៈ៕ប្រភព: Bloomberg៕







