ដោយៈ ម៉ាណា
ភ្នំពេញះ ក្រុមហ៊ុនវាយកូនគោល AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស ប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំព្រឹត្តិការណ៍ វាយកូនគោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក។
ក្នុងជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីលោកជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងសហការី ផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល។ ថ្លែងក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាបច្ចុប្បន្ន កម្ពុជាមានទីលានវាយកូនគោលចំនួន១១ទីតាំង និងកន្លែងហាត់វាយកូនគោលចំនួន៥ទីតាំង ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តីហួត ហាក់ក៏បានស្នើដោយក្រុមហ៊ុនរៀបចំនូវឯកសារទស្សនទាន (concept note) និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីដាក់មកក្រសួងទេសចរណ៍ ពិនិត្យនិងសិក្សា ជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា៕









