ដោយៈ ម៉ាណា
ភ្នំពេញៈ កម្ពុជា និងប្រេស៊ីលឯកភាពបង្កើតផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំង លោកជំទាវជាឯកអគ្គរដ្ឋទូត ដែលមាននិវេសដ្ឋាននៅកម្ពុជាដំបូងគេ និងការបើកស្ថានទូតនៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើន ឥតឈប់ឈរនៃចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរដែលមានរយៈពេល៣២ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៤។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីលទ្ធភាពគួរជាទីមោទនៈ លើការបង្កើតកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា និងប្រេស៊ីល តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី សហប្រតិបត្តិការទេសចរណ៍កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
ក្នុងជំនួបនោះ លោកហួត ហាក់បានស្នើរៀបចំឱ្យមានផែនការសកម្មភាពជាក់ស្តែង និងលម្អិតតាមដំណាក់កាលនីមួយៗ ដើម្បីអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកាន់តែសកម្ម និងជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជូនពររបស់លោករដ្ឋមន្រ្តី និងបានសម្តែងនូវការគាំទ្រចំពោះសំណើខាងលើ ដោយបានប្តេជ្ញាសម្របសម្រួលជាមួយក្រសួងទេសចរណ៍ប្រេស៊ីល ដើម្បីជំរុញឱ្យមានផែនការសកម្មភាពជាក់ស្តែងសម្រាប់អនុវត្តអនុស្សរណៈ នៃការយោគយល់ដែលបានចុះកន្លងមក ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ៕







