ដោយៈ ម៉ាលីនណា
សៀមរាបៈ លើកកម្ពស់វិស័យម្ហូបអាហារ (Gastronomy) តាមរយៈការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគ្រូបង្គោល ហូកា (HoKa) លើជំនាញចុងភៅ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក់ សុខុម រដ្ឋ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងហូកា (HoKa) រួមជាមួយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និង លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលនៃអង្គការ Swisscontact បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកា លើជំនាញចុងភៅ។
ពិធីនេះត្រូវបានរៀបចំឡើង នៅថ្នាក់ធ្វើម្ហូបសុភ័ស សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការចូលរួមពីតំណាង គ្រឹះស្ថានTVET សមាគមឧស្សាហកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សមាគមចុងភៅកម្ពុជា និងសិក្ខាកាមសរុបចំនួន៤០រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនដល់អ្នកជំនាញចុងភៅ នៅតាមខេត្តគោលដៅ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់ អាចបណ្តុះបណ្តាលបន្តដល់បុគ្គលិកជំនាញក្នុងមូលដ្ឋានរៀងៗខ្លួន។
កម្មវិធីនេះមានរយៈពេល៩ថ្ងៃ ដែលរួមមានការសិក្សាទ្រឹស្តីរយៈពេល ៥ថ្ងៃតាមប្រព័ន្ធវីដេអូ (Online) និងការអនុវត្តផ្ទាល់រយៈពេល ៤ថ្ងៃ ផ្តោតលើមុខម្ហូបអត្តសញ្ញាណតាមតំបន់ និងបច្ចេកទេសធ្វើទឹកជ្រលក់ផ្សេងៗ។
សម្រាប់វគ្គទី១ នេះ មានសិក្ខាកាមសរុបចំនួន១៧រូប អញ្ជើញមកពីខេត្តគោលដៅចំនួន៨ រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ឆ្នាំង ដែលសមាសភាព រួមមាន គ្រូបង្គោលហូកាមកពីមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជន៕








