ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការទិញ-លក់ដំទ្បូងមីស្រស់ និងចំណិតក្រៀម។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះវត្តមានចូលរួមរបស់ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាប្រធានសមាគមដំទ្បូងមីកម្ពុជា និងអ្នកពាក់ព័ន្ធ តំណាងវិស័យឯកជន ម្ចាស់លានហាលប្រមូលទិញ និងក្រុមហ៊ុននាំចេញដំឡូងមីកម្ពុជា ក្នុងពីធីដាក់ឱ្យអនុវត្តនិងផ្សពផ្សាយ “សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់និងចំណិតក្រៀម” ដ៏មានសារៈសំខាន់នេះ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការប្តេជ្ញាចិត្តរួមគ្នាពង្រឹងគុណភាពដំទ្បូងមីកម្ពុជា ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍វិស័យដំទ្បូងមីកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។
លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំឡូងមី នៅតែជាដំណាំយុទ្ធសាស្ត្រមួយ ប្រកបដោយសក្តានុពលខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ហើយថ្មីៗនេះ បានផ្តល់ការឯកភាព ជាគោលការណ៍អនុញ្ញាតឱ្យក្រសួងបន្ត ដឹកនាំរៀបចំគោលនយោបាយជាតិស្តីពីដំទ្បូងមីដំណាក់កាលទី២ សម្រាប់រយៈពេល៥ឆ្នាំបន្ត គោលបំណងធ្វើឱ្យកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំទ្បូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ក្នុងចំណោមគោលបំណងសំខាន់ៗដទៃទៀត។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញដំទ្បូងមី តាមរយៈការដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗ ជាច្រើន មានជាអាទិ៍៖ ការសម្របសម្រួលបង្កើតសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដើម្បីប្រមូលផ្តុំលទ្ធភាពផ្គត់ផ្គង់និងជំរុញការទិញ-លក់ដំឡូងមី និងអភិវឌ្ឍសមត្ថភាពវិស័យឯកជន។
ការដាក់ឱ្យប្រើប្រាស់ថ្នាលព័ត៌មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ការបង្កើតក្រុមការងារជំរុញការនាំចេញ និងការសម្របសម្រួលចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចសន្យាទិញ-លក់ដំឡូងមី ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស ការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ក៏ដូចជាការដាក់ឱ្យអនុវត្តនូវ “សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់និងចំណិតក្រៀម” នេះ ជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់ក្រុមការងារកិច្ច សម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ម្ចាស់សៃឡូ និងក្រុមហ៊ុននាំចេញដំឡូងមីកម្ពុជា ដើម្បីជាទិសដៅការងារត្រូវអនុវត្តបន្ត ដូចតទៅ៖
ទី១-ត្រូវចូលរួមអនុវត្ត “សេចក្តីណែនាំស្ដីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម” ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះ ម្ចាស់លានហាលនិងក្រុមហ៊ុនប្រមូលទិញ ត្រូវគោរពតាមគោលការណ៍ “ទិញ-លក់ដោយស្មោះត្រង់ និងត្រឹមត្រូវ” បងប្អូនប្រជាកសិករ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់លើ គុណភាព និងអនុវត្តតាមយថាប្រភេទ ដូចក្នុងសេចក្តីណែនាំ និងត្រូវបន្តស្វែងយល់អំពីកាតព្វកិច្ច និងការទទួលខុសត្រូវផ្លូវច្បាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។
ទី២-បន្តទាញយកប្រយោជន៍ និងអនុវត្តឱ្យបានពេញលេញនូវអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការនាំចេញដំទ្បូងមីកម្ពុជា។
ទី៣-មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការជាមួយ សាខា កបបរាជធានី-ខេត្ត បន្តចុះផ្សព្វផ្សាយសេចក្តីណែនាំនេះ ឱ្យដល់មូលដ្ឋាននិងឱ្យបានទូលំទូលាយ ក៏ដូចជា តាមដាន ការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។
ទី៤-មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត បន្តរៀបចំចងក្រងប្រមូលផ្តុំ ដើម្បីលើកកម្ពស់ កម្លាំងផ្គត់ផ្គង់ឱ្យមាននិរន្តរភាពឆ្លើយតប នឹងតម្រូវការទីផ្សារ។
ទី៥-បន្តពង្រឹងភាពជាដៃគូរដ្ឋ និងវិស័យឯកជនក្នុងការបន្តពង្រឹងនិងអភិវឌ្ឍវិស័យដំទ្បូងមីបន្ថែមទៀត។
ទី៦-សហព័ន្ធដំឡូងមីកម្ពុជាត្រូវជំរុញការអនុវត្តសេចក្តីណែនាំ ច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងចំណោមសមាជិករបស់ខ្លួន និងលើកកម្ពស់អនុលោមភាពនៃវិស័យដំទ្បូងមីឱ្យក្លាយជាវិស័យគំរូ និង
ទី៧-បន្តពង្រឹងតួនាទីសហព័ន្ធដំទ្បូងមីកម្ពុជាក្នុងការអភិវឌ្ឍវិស័យដំទ្បូងមី តាមរយៈការផ្សារភ្ជាប់ទីផ្សារ សម្របសម្រួលប្រមូលទិញ ជំរុញការអនុវត្តកិច្ចសន្យាទិញ-លក់ និងជំរុញការផលិតនិងកែច្នៃ ដំទ្បូងមី៕







