ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Azizi Developments បានប្រកាសពីបច្ចុប្បន្នភាពនៃតម្លៃអាផាតមុិននៅក្នុងគម្រោងអគារ Burj Azizi ដ៏ល្បីល្បាញរបស់ខ្លួន ដែលនឹងផ្តល់ជូនយូនីតអាផាតមុិនក្នុងតម្លៃចាប់ពី១,៣៥លានដុល្លារ។
គម្រោងខាងលើនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ Sheikh Zayed ដែលនឹងក្លាយជាអគារខ្ពស់ជាងគេលំដាប់ទីពីររបស់ពិភពលោក ដែលមានកម្ពស់៧២៥ម៉ែត្រ ស្មើនឹង១៤០ជាន់ ។
អគារកប់ពពក Burj Azizi នឹងរួមបញ្ចូលគ្នានូវលំនៅឋាន បដិសណ្ឋារកិច្ច លក់រាយ ភោជនីយដ្ឋាន ការកម្សាន្ត និងកន្លែងវប្បធម៌។ គម្រោងសាងសង់អគារនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ។

អាផាតមុិននៅក្នុងអគារ Burj Azizi នឹងមានចំនួនបន្ទប់គេងចាប់ពី១ទៅ៣បន្ទប់ ខណៈដែលផ្ទះល្វែងបែប penthouse ដ៏ប្រណីតនឹងស្ថិតនៅជាន់ខាងលើបំផុត ដោយយូនីតនីមួយៗមានបន្ទប់ Lobby ដាច់ដោយឡែកផ្ទាល់ខ្លួន។
លោក Farhad Azizi នាយកប្រតិបត្តិក្រុមហ៊ុន Azizi Group បានលើកឡើងថា ការសាងសង់អគារខ្ពស់បំផុតទី២ នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីអគារ Burj Khalifa បង្ហាញឱ្យឃើញពីមហិច្ឆតា និងសមត្ថភាពមិនអាចប្រៀបផ្ទឹមបានរបស់ទីក្រុងឌូបៃ៕ប្រភព: The Gulf News៕







