ដំណឹងល្អ! ភ្ញៀវទេសចរណ៍អន្តរជាតិធ្វើការស្កេនទូទាត់ប្រាក់រៀលបានតាមKHQR នៅទូទាំងប្រទេសកម្ពុជាបានហើយ

0

ដោយៈ ចំណាន

ភ្នំពេញៈ លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិអាចទូទាត់តាមប្រព័ន្ធឌីជីថលជាប្រាក់រៀលកម្ពុជា ដោយប្រើវិធីទូទាត់ដែលពួកគេ បានប្រើប្រាស់រួចហើយ។

លោកបញ្ជាក់ថា “នេះមានន័យថា ឥឡូវនេះអ្នកដំណើរ អាចធ្វើការទូទាត់ប្រាក់ ដោយមិនប្រើសាច់ប្រាក់បានយ៉ាងងាយស្រួល ដោយគ្រាន់តែស្កេនលេខកូដKHQR នៅទីតាំងអាជីវករប្រមាណ៤,៥ លានកន្លែងទូទាំងប្រទេស ចាប់ពីហាងកាហ្វេ រហូតដល់ផ្សារក្នុងស្រុក និងរ៉ឺម៉កកង់បី។

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការដាក់ឱ្យដំណើរការជាផ្លូវការ នៃកម្មវិធីរបស់ក្រុមហ៊ុន VISA “Digitally Inclusive Commerce Ecosystem (DICE)” និងបានថ្លែងសុន្ទរកថាអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីនេះ ដោយមានការចូលរួមពីលោកយឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក Arturo Planell អនុប្រធានជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ លោក Dmytro Kolechko នាយកប្រតិបត្តិធនាគារនិងមន្រ្តីពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើមរបស់វិស័យឯកជន ដែលបានសហការគ្នាដើម្បីបង្កើតផលិតផលទេសចរណ៍ដែល មានតម្លៃបន្ថែម និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈការរួមបញ្ចូលប្រព័ន្ធទូទាត់ប្រាក់ ជាឌីជីថលផ្តល់ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដែលបានផ្តល់ភាពងាយស្រួល កាន់តែច្រើនដល់អ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញ និងលើកទឹកចិត្តប្រជាជនឱ្យចំណាយប្រាក់ក្នុងស្រុក និងជួយគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហការរវាងភាគីឯកជនដែលមកពីវិស័យផ្សេងៗ ដើម្បីបង្កើតផលិតផលទេសច​រណ៍ដែលមានតម្លៃបន្ថែម និងបទពិសោធន៍ធ្វើដំណើរដ៏រលូន សម្រា​ប់ភ្ញៀវទេសចរ និងអ្នកទស្សនា។ ដោយសារវិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលទាមទារកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងសាធារណៈ នៅថ្នាក់ក្រោមជាតិ ជាតិ និងអន្តរជាតិ ដោយផ្អែកលើគោលការណ៍ “ជវភាពនៃតួអង្គតែមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here