ក្រសួងទេសចរណ៍ជម្រុញលើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងស្របពេលសម្តេចតេជោលើកទឹកចិត្តដល់វិស័យនេះ

0

ដោយៈ ម៉ាលីនណា

ស្ទឹងត្រែងៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតឆ្នាំ២០២៦។

កម្មវិធីនេះ រៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ “ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា” នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែង មានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូ​របែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជា ទៀតផង។

លោកហួត ហាក់បានឲ្យដឹងទៀតថា សមាគមស៊ីក្លូកម្ពុជា ទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា តាំងពីឆ្នាំ២០១៨ មក រហូតដល់មានការឧបត្ថម្ភ និងជួយជ្រោមជ្រែងទាំងជីវភាព និងការលើកទឹកចិត្តដល់អ៊ំ ពូ បងៗដែលជាអ្នកស្រឡាញ់អាជីពធាក់ស៊ីក្លូនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិ​ការ​ណ៍ដ៏អស្ចារ្យ នាព្រឹកដ៏ត្រជាក់នៃសន្តិភាព គឺដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ ដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ដែលតាមរយៈសារលិខិតនេះ បានសង្កត់ធ្ងន់ជាមួយនឹងការអំពាវនាវ លើកទឹកចិត្តដល់គ្រប់ផ្នែក គ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន លំនៅដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍គ្រប់ទីកន្លែងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តលើភាពស្អាត សោភ័ណភាព សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ពោលគឺនេះបានបង្ហាញអំពីសក្តានុពល កិត្យា​នុភាពពីកិត្តិនាមរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ គ្រប់ទិសទីទាំងអស់នៅលើពិភពលោកឱ្យអញ្ជើ​ញមកទស្សនា សក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here