ដោយៈ ម៉ាណា
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ ជំរុញទេសចរណ៍កម្រិតអន្តរជាតិ នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោក Michael Cheow បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក និងសហការី ជាតំណាងក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រ និងការផ្តល់អនុសាសន៍លើគម្រោងឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ ជាលក្ខណៈអន្តរជាតិចំនួន៣ធំៗដូចជា ទី១ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ទី២).ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រ នៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣).ការប្រណាំងរថយន្តកម្រិត GT (Grand Touring) ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។
លោកប្រធានក្រុមហ៊ុន បានបង្ហាញសុទិដ្ឋិនិយមថា “ព្រឹត្តិការណ៍ទាំងនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈ រួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិ ការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ”។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិ ជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ដែលនឹងក្លាយជាសមិទ្ធផល គួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេង ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។
ឆ្លៀតក្នុងឱកាសនេះ លោកហួត ហាក់ ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជា ទៅកាន់ប្រជាជនម៉ាឡេស៊ី ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍ សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕







