ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប។
ព័ត៌មាននេះបានបង្ហើបក្នុងកិច្ចប្រជុំក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិតភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ និងមន្រ្តីពាក់ព័ន្ធ។
យោងតាមផេកផ្លួវការរបស់ក្រសួងរៀបចំដែនដី បានបង្ហាញកាលពីថ្ងៃទី៣ មិនា កន្លងមកថា ក្នុងនាមគណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតជាសំខាន់លើ១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងគ្រប់ឃុំនៅតំបន់១ តំបន់២ និងតំបន់៣ នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់។

ការរៀបចំនេះ ធ្វើឡើងក្នុងគោលបំណង ថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរ ថែរក្សាអាយុជីវិតបឹងទន្លេសាប កសាងខឿនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប។
កិច្ចប្រជុំនេះមានការចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធនធានទឹកនិងឧត្តុនិយម អជ្ញាធរអប្សរា អជ្ញាធរបឹងទន្លេសាប និងរដ្ឋបាលខេត្តពាក់ព័ន្ធ នាទឹស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕







