គំរោងសាងសង់ស្ពានចក្រអង្រែក្រោម ព្រែកប្រាសម្រេចបានវឌ្ឍនភាព ខណៈការតភ្ជាប់មកកាន់ផ្លូវជាតិលេខ១ត្រូវបានត្រួសត្រាយរួច

0

ដោយៈ ចំណាន

    ភ្នំពេញៈ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោ​ម-ព្រែកប្រា សម្រេចបាន៦២%ហើយ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ នេះ។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង និងការចាប់ផ្តើមដឹកជញ្ជូនធ្នឹមស្ពានទៅត្រើយខាងកើត ដែលគិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ សម្រេចបាន៦២% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋាន សាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

វឌ្ឍនភាពគម្រោងរួមមាន ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០%។ ៣). រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន៤៧% (ធ្នឹមT តម្លើង១៨០ ដើម សម្រេចបាន ១៣០ និងធ្នឹមT ចាក់នៅកន្លែង១៨០ដើម សម្រេចបាន ៨៤) ៤).បណ្តាញ ផ្លូវសម្រេចបាន៤៣ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៣៥% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។ បច្ចុប្បន្នក្រុមហ៊ុនបានចាប់ផ្តើមដំណើរការដឹកធ្នឹមស្ពាន ពីត្រើយខាងលិចទៅត្រើយខាងកើត ដែលធ្នឹមស្ពានមានចំនួន៩៦ដើម ដែលត្រូវដឹកជញ្ជូន។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នៅពេលដែលការដោះស្រាយ ផលប៉ះពាល់ផ្នែកខាងកើត មិនអាចដោះស្រាយរួចរាល់តាមផែនការ ក្រុមហ៊ុនសាងសង់បានសម្រេចរៀបចំទីតាំងផលិតឆ្នឹមស្ពានរួមគ្នា នៅផ្នែកខាងលិច ហើយត្រូវដឹកជញ្ជូន ទៅដំឡើងស្ពាននៅផ្នែកខាងកើតវិញ។

ការដឹកជញ្ជូននេះនឹងត្រូវឆ្លងកាត់ មហាវិថីឈុន គង់ (កំពុងសាងសង់) មហាវិថី សម្តេចតេជោមហាវិថី ស៊ីជីនពីង និងផ្លូវលេខ១១០។ ក្នុងន័យនេះ ដើម្បីឱ្យការដឹកជញ្ជូនទាន់តាមផែនការគ្រោងទុក និងប្រកបដោយសុខសុវត្ថិភាព ក្រសួងបានស្នើឱ្យជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្រួលជូនក្រុមហ៊ុនសាងសង់។

ជាមួយគ្នានេះ ការតភ្ជាប់ចរាចរណ៍ពីស្ពាននេះ មកកាន់ផ្លូវជាតិលេខ១ ត្រូវបានត្រួសត្រាយរួចហើយ ដោយផ្លូវនេះនឹងកាត់ផ្លូវមេធំមួយគឺផ្លូវនៃគំរោងអេកូ សាន់រ៉ាយ របស់បុរីប៉េង ហួតបឹងស្នោ តភ្ជាប់មកកាន់ផ្លួវជាតិលេខ១៕

LEAVE A REPLY

Please enter your comment!
Please enter your name here