ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអាល្លឺម៉ង់នឹងអាចកើនឡើងប្រមាណ៣ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៨ ដែលធ្វើឱ្យអ្នកទិញផ្ទះលើកដំបូងកាន់តែពិបាកមានលទ្ធភាពទិញផ្ទះ។ នេះបើយោងតាមក្រុមអ្នកវិភាគអចលនទ្រព្យដែលត្រូវបានស្ទង់មតិដោយកាសែត Reuters។
ទីផ្សារលំនៅឋាននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបបានងើបឡើងវិញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយតម្លៃផ្ទះបានកើនឡើងជិត៦ភាគរយកាលពីឆ្នាំមុន។
លិខិតអនុញ្ញាតសាងសង់ (Building permit) ដែលជាសូចនាករនៃសកម្មភាពសាងសង់នាពេលអនាគត បានកើនឡើងនៅឆ្នាំ២០២៥ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដែលបង្ហាញថា ទីផ្សារនឹងបន្តងើបឡើងវិញ។
តម្លៃផ្ទះជាមធ្យមនៅអាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងកើនឡើង៣,៣% ក្នុងឆ្នាំ២០២៦ ៣% ក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៨។ នេះបើយោងតាមក្រុមអ្នកវិភាគអចលនទ្រព្យចំនួន១២ នាក់ដែលត្រូវបានស្ទង់មតិដោយកាសែត Reuters រវាងថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា។
ធនាគារកណ្តាលអឺរ៉ុបត្រូវបានគេរំពឹងថា នឹងរក្សាអត្រាការប្រាក់តំបន់អឺរ៉ូឱ្យនៅថេរដដែលរហូតដល់ដំណាច់ឆ្នាំនេះ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់កន្លងមកបានគាំទ្រដល់ការងើបឡើងវិញនៃទីផ្សារនាពេលថ្មីៗនេះ។

ទោះជាយ៉ាងណា លទ្ធភាពរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់បានកើនឡើងដោយសារតែហានិភ័យអតិផរណាដែលអាចកើតមានពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
លោក Carsten Brzeski ប្រធានផ្នែកម៉ាក្រូសេដ្ឋកិច្ចសកលនៅក្រុមហ៊ុន ING បានមានប្រសាសន៍ថា ការងើបឡើងវិញនៃទីផ្សារនឹងបន្ត ប៉ុន្តែនៅតែមានភាពផុយស្រួយ។
លោកបានគូសបញ្ជាក់ថា អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្ន ដោយសារកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជាទាំងភូមិសាស្ត្រនយោបាយ និងគោលនយោបាយក្នុងស្រុក ការកើនឡើងនៃភាពអត់ការងារធ្វើ និងកំណើនប្រាក់ឈ្នួលទាប៕ប្រភព: Reuters៕







