រដ្ឋមន្រ្តីក្រសួងទេសចរណ៍គាំទ្រក្របខ័ណ្ឌយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ក្នុងការចូលរួមចំណែកលើកតម្កើងវិស័យទេសចរណ៍កម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ លោកហួត ហាក់បានបង្ហាញការគាំទ្ររបស់ក្រសួងលើយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដែលបាននិងកំពុងរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបែបនេះ  ក្នុងឱកាសបានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយវិទ្យាស្ថានស៊ីអ៊ីអូ ដឹកនាំដោយ លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិតអោម សេងបូរ៉ា បានបង្ហាញពីតួនាទី និងសកម្មភាពរបស់វិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការរៀបចំស្តង់ដាសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា ការកសាងសមត្ថភាពសម្រាប់សហគ្រិនវិស័យទេសចរណ៍ ពោលគឺផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញដល់យុវជន និងមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសឯកឧត្តមបណ្ឌិត ក៏បានស្នើសុំពិនិត្យលទ្ធភាពចុះMoU ក្រោមយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំង និងមាននិរន្តរភាព។

លោកបណ្ឌិត ក៏បានពិភាក្សាអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here