ដោយៈ ម៉ាលីនណា
កាមេរូនៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ពហុភាគីថ្នាក់រដ្ឋមន្ត្រីស្តីពី “ការលើកកម្ពស់កិច្ចសម្រួលវិនិយោគដើម្បីកៀរគការវិនិយោគ”។
ព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្ត្រីនេះ ត្រូវបានអញ្ជើញចូលរួមដោយសមាជិកWTO ទាំងសមាជិកទទួលបានប្រយោជន៍ និងសមាជិកម្ចាស់ជំនួយ ក៏ដូចជា អង្គការដៃគូអន្តរជាតិ ធនាគារវិនិយោគនិងធនាគារអភិវឌ្ឍន៍តំបន់និងពហុភាគី និងភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

នៅក្នុងវេទិកាកម្រិតខ្ពស់ ក្រោមប្រធានបទ “កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ គឺជាចលករសម្រាប់កំណែទម្រង់កិច្ចសម្រួលវិនិយោគ និងការកៀរគវិនិយោគ” លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍។
លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការទាក់ទាញលំហូរវិនិយោគសកល និងអំពាវនាវ ឱ្យមាននូវការពង្រឹងកិច្ចសម្រួលវិនិយោគ ក៏ដូចជាការបង្កើតនូវបរិយាកាសវិនិយោគ ប្រកបដោយភាពដែលអាចព្យាករណ៍បាន តម្លាភាព និងប្រសិទ្ធភាព និងការធ្វើសាកលភាវូពាណិជ្ជកម្មឡើងវិញ៕







