ដោយៈ និស្ស័យ
សៀមរាបៈ កាលពីសប្តាហ៍មុន សមាគមមិត្តភាពកម្ពុជា ចិនបានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ក្នុងតំបន់ទេសចរណ៍អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍។
ពិធីនេះមានការចូលរូមពីលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ រៀបចំដោយសមាគមមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិនPeaceland ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច និងវប្បធម៌ តាមរយៈសកម្មភាពកីឡាទេសចរណ៍ ដែលមិត្តភាពចំពោះបរិស្ថាន តាមរយៈសង្គមស៊ីវិលរបស់ចិនចំនួន៨ស្ថាប័នដែលមកចូលរួម។
លោកលី សារី អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាពសាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅ ប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។

ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍កម្ពុជា-ចិន នាថ្ងៃនេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាប្រទេសកម្ពុជា និងលើកកម្ពស់សុខភាព តាមរយៈការជិះកង់ប៉ុណ្ណោះនោះទេ ព្រឹត្តិការណ៍នេះ ក៏ជាការរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស្របតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលកំពុងឈានទៅដល់កម្រិតកំពូល ដែលថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរបានកំណត់ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន កាលពីឆ្នាំ២០២៥ កន្លងផុតទៅ”។
សកម្មភាពនេះជាសក្ខីភាពដ៏អស្ចារ្យ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ព្រឹត្តិការណ៍នាពេលនេះ មិនត្រឹមតែមានតួនាទីសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួម នៅក្នុងយុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិន កាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិន ឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត៕







