ដោយៈ ចំណាន
កំពតៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ និងដឹកនាំរៀបចំការចាប់ឆ្នោតជ្រើសរើស តូបលក់ដូរចំណីអាហារនៅលើ “វិថីអាហារ” ក្រុងកំពត។
វិថីអាហារនេះ ទើបនឹងសាងសង់រួចរាល់ និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ វិថីអាហារ មានតូបលក់ដូរសរុបចំនួន៥២តូប ដោយមានការលក់ដូរមុខម្ហូបចម្រុះជាច្រើនមុខ។
អ្វីដែលពិសេសបំផុតនោះ គឺការដាក់បញ្ចូលនូវប្រភេទនំខ្មែរប្រពៃណី នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទង នឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

តាមរយៈវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។
រដ្ឋបាលខេត្តកំពត សូមគោរពអញ្ជើញបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារ ដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងទឹកដី “ក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ” នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕







